កញ្ញា ភឹម ស្រីនោ ដែលជា Miss Grand Cambodia 2023 បានចេញដំណើរទៅប្រទេស វៀតណាម កាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៣ កន្លងមកនេះ ដោយមាន Miss Grand Cambodia Top 5 ទាំង ៤ រូប និងកញ្ញា ពេជ្រ វត្តីសារ៉ាវឌី ជូនដំណើរដោយផ្ទាល់ ជាពិសេសគឺ ហ្វេនហ្វេន បានរៀបចំដង្ហែរក្បួន ស៊ីក្លូ យ៉ាងកក្រើកនៅព្រលានយន្តហោះអន្តរជាតិ អមដោយវង់ភ្លេង ឆៃយុំា ។
កញ្ញា ភឹម ស្រីនោ បានជិះលើស៊ីក្លូ អមដោយទឹកមុខញញឹមទៅកាន់អ្នកគាំទ្រខ្លួន បើទោះបីជាមេឃក្តៅ ប៉ុណ្ណាក៏នាងមិនខ្វល់ដែរ សំខាន់គឺនាងបានឃើញសកម្មភាពដែលអ្នកគាំទ្របានធ្វើដាក់នាង គឺធ្វើឱ្យនាងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ។
មុនពេលឡើងយន្តហោះកញ្ញា ភឹម ស្រីណូ បានចំណាយពេលវេលាជាច្រើនជាមួយ ហ្វេនហ្វេន របស់នាង ទាំងថតរូប ទាំង ចុះហត្ថលេខា ទាំង អោបថើប គឺកាន់តែធ្វើឱ្យហ្វេនហ្វេនដកចិត្តមិនរួច ។ កញ្ញា ភឹម ស្រីនោ បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា នាងអរគុណច្រើនចំពោះការរៀបចំក្បួនដង្ហែរ ស៊ីក្លូ និង វង់ភ្លេង ឆៃយុំា ដើម្បីជូនដំណើរនាងចេញទៅប្រកួតនៅប្រទេស វៀតណាម ។ នាងសន្យាថា នឹងខិតខំប្រឹងប្រែងបំពេញតួនាទីឱ្យបានល្អ ដើម្បីឱ្យពិភពលោកកាន់តែស្គាល់ កម្ពុជា ខ្លាំងឡើង ។
អាចនិយាយបានថា នេះជាលើកទីមួយហើយសម្រាប់ការជូនដំណើរបវរកញ្ញា កម្ពុជា ចេញទៅប្រកួតនៅក្រៅប្រទេសក្នុងរូបភាពដ៏កក្រើកនេះ ។
សម្រាប់ការរៀបចំក្បួនដង្ហែរស៊ីក្លូ រួមជាមួយវង់ភ្លេង ឆៃយុំា គឺជាការរៀបចំរបស់ Fan Club របស់ ភឹម ស្រីនោ ពិតៗ មិនមានការរៀបចំឬជួលពីក្រុមណាមួយទេ គឺពួកគេធ្វើចេញពីចិត្ត និង បេះដូងពិតៗ ដូច្នេះហើយ ហ្វេនហ្វេន ទាំងអស់ គឺជាកម្លាំងចិត្តដ៏ធំធេងបំផុតសម្រាប់កញ្ញា ភឹម ស្រីនោ ចេញទៅប្រកួត ៕