គិតត្រឹមឆ្នាំ២០២៣នេះ បងប្អូនកម្មករ និយោជិតទាំងអស់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២១៧ ទៅ ២២៨ដុល្លារយ៉ាងតិចក្នុងមួយខែ ដោយរួមអត្ថប្រយោជន៍ជាប់កាតព្វកិច្ច ដូចជាប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ប្រាក់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់រង្វាន់អតីតភាពការងារ ហើយបើបូកប្រាក់ឈ្នួលបន្ថែមម៉ោង បងប្អូនកម្មករ និយោជិតអាចទទួលបានប្រាក់ឈ្នួលជាមធ្យម ២៥៩ដុល្លារ ឬច្រើនជាងនេះ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ប.ស.ស ដែលបងប្អូនកំពុងទទួលបាន។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ បើប្រៀបធៀបប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ទៅនឹងប្រទេសមួយចំនួនក្នុងតំបន់ គឺនៅទាបជាងកម្ពុជានៅឡើយ ដូចជាប្រទេសវៀតណាម មានចំនួនចន្លោះពី ១៣៨ដុល្លារ ទៅ ១៩៨ដុល្លារ, ប្រទេសស្រីលង្ការ ៤០ដុល្លារ, ប្រទេសបង់ក្លាដេស ៧៤ដុល្លារ , មីយ៉ាន់ម៉ាន ៦៩ដុល្លារ និងប្រទេសឡាវ ៩០ដុល្លារ។
ឯកឧត្តមបានឲ្យដឹងថា នៅរាជធានីភ្នំពេញមានរោងចក្រ សហគ្រាសសរុបចំនួន៩,៥៩០ និងមានកម្មករនិយោជិតសរុបប្រមាណ ៦៦ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ក្នុងនោះវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបមានចំនួន៧៣៥ និងមានកម្មករនិយោជិតប្រមាណ ៣៤ម៉ឺននាក់ និងផ្តល់ប្រាក់ឈ្នួលប្រមាណ ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគោរពថ្លែងអំណរគុណ ដល់ការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខកម្មករនិយោជិត ជាពិសេសសម្តេចធិបតីបានបន្ថែមទឹកប្រាក់ចំនួន ២ដុល្លារអាមេរិក ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាបានកើនដល់ ២០៤ដុល្លារអាមេរិក ចាប់ពីខែមករា ឆ្នាំ២០២៤ខាងមុខ រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរក្សាទុកនៅដដែល៕
អត្ថបទ៖ អក្ខរា