ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ប្រកាសដាក់ដំណើរការជាផ្លូវការនៃ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា ក្រសួងប្រៃសណីយ៍ បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ដែលកម្មវិធីនេះ នឹងអនុញ្ញាតឱ្យសិស្សដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា អាចស្នើសុំថវិកាសិក្សាដែលមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់កម្មវិធី។
ឯកឧត្ដមបន្តថា និស្សិតត្រូវទូទាត់មកវិញនូវ ២០% នៃបៀវត្សប្រចាំខែ នៅពេលដែលខ្លួនចេញធ្វើការនិងទទួលបានបៀវត្សចាប់ពី ៥០០ដុល្លារអាម៉េរិកឡើងទៅ ដើម្បីទ្រទ្រង់និរន្តរភាពនៃកម្មវិធីសម្រាប់និស្សិតជំនាន់ក្រោយ។
ទន្ទឹមនេះ ក្រសួងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការជំរុញការអភិវឌ្ឍជំនាញឌីជីថល រវាង ក.ប.ទ. និងគ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង៦ ដែលរួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងគ្រឹះស្ថានឧត្ដមសិក្សាដៃគូលើថវិកាសិក្សា គឺជាវឌ្ឍនភាពបន្ថែមថ្មីមួយទៀតរបស់ក្រសួង ក្នុងការបន្តអភិវឌ្ឍធនធានមនុស្សលើវិស័យបច្ចេកវិទ្យា ឌីជីថល និងផែនការអភិវឌ្ឍមូលធនមនុស្ស ដែលចូលរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថល។
ក្រសួងប្រៃសណីយ៍ លើកទឹកចិត្តដល់សិស្សនិស្សិតទាំងអស់ ដែលមានតម្រូវការស្នើសុំហិរញ្ញប្បទានសិក្សាពីកម្មវិធី អភិវឌ្ឍន៍ជំនាញឌីជីថល អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៩៨ ៩៤៣ ៧៧៧ ឬគេហទំព័រ www.dsdp.gov.kh ឬតាមដានហ្វេសប៊ុកផ្លូវការឈ្មោះ “ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ” ឬ ស្កេន QR Code របស់ក្រសួង៕
អត្ថបទ៖ អក្ខរា