គិតមកដល់ថ្ងៃទី២ ខែតុលានេះ ខេត្តចំនួន៩ បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ខណៈស្ថានភាពទឹកក្នុងខេត្តចំនួន៧ បានថមថយទៅវិញ ដោយនៅសល់ ២ខេត្តបន្តជន់លិចនៅឡើយ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី។
លោក សុទ្ធ គឹមកុលមុនី បានប្រាប់ Karpit News នៅរសៀលថ្ងៃទី២ ខែតុលានេះថា ឥទ្ធិពលសម្ពាធទាបមានធ្លាក់ភ្លៀងច្រើនជាបន្តបន្ទាប់ពីថ្ងៃ១២ ដល់ថ្ងៃទី២៨ ខែកញ្ញា បានបង្កជាជំនន់ទឹកភ្លៀងវាយលុកខេត្តមួយចំនួនរួមមានខេត្តព្រះវិហារ កំពង់ធំ ក្រចេះ ត្បូងឃ្មុំ កោះកុង ព្រះសីហនុ ពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន។ លោកបញ្ជាក់ថា គិតមកដល់ពេលនេះ ក្នុងចំណោលខេត្តទាំង ៩ក្នុងនោះមានខេត្តចំនួន៧ ស្ថានភាពទឹកបានថមថយទៅវិញ លើកលែងតែខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ នៅតែបន្តជន់លិចនៅឡើយ។
យ៉ាងណាមិញ សម្រាប់ស្ថានភាពទឹកក្នុងខេត្តពោធិ៍សាត់បានស្រកចុះបណ្តើរៗហើយ ប្រសិនបើមិនមានភ្លៀងទៀតទេ នោះនឹងរួចផុតពីជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានខាងមុខនេះ តែបើនៅតែបន្តមានភ្លៀងធ្លាក់នៅផ្នែកខាងលើតំបន់ជួរភ្នំក្រវាញ វាលវែង នោះនឹងបន្តជន់លិចទៀត។ លោកបន្តថា សម្រាប់ខេត្តកំពង់ធំ ទឹកនៅតែបន្តជន់លិចនៅឡើយ ដោយសារកម្ពស់ទឹកបានហក់ឡើងលើសកម្ពស់ប្រុងប្រយ័ត្ន។
ចំពោះផលប៉ះពាល់, ខេត្តកំពង់ធំ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ មាន៨ក្រុងស្រុក ២៨ឃុំសង្កាត់ ហើយប្រជាពលរដ្ឋប៉ះពាល់មានដល់ទៅជាង ៥២០០គ្រួសារ ផ្ទះលិចទឹកជាង ២ពាន់ខ្នង និងពលរដ្ឋជម្លៀសទៅទីទួលសុវត្ថិភាពជាង ២០០គ្រួសារ រួមទាំងប៉ះពាល់ផងដែរដល់ដំណាំស្រូវជាង ៣ពាន់ហិកតា៕
អត្ថបទ៖ អក្ខរា