ភូមិសាស្ត្រតាមដងទន្លេក្នុងខេត្តកំពង់ចាម គឺក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ បានរងផលប៉ះពាល់ពីការបាក់ស្រុតច្រាំងទន្លេ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានចុះពិនិត្យស្ថានភាព នៃការបាក់ស្រុតច្រាំងទន្លេ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ចំណុចដែលមានបញ្ហាប្រឈម គឺនៅក្នុងភូមិជីហែ ឃុំជីហែ ស្រុកកោះសូទិន មានប្រវែង ២៥០ ម៉ែត្រ គឺជាចំណុចអាទិភាពទីមួយ ដែលត្រូវសិក្សាមុនគេ។ ដោយឡែក នៅក្នុងស្រុកស្រីសន្ធរ មានច្រាំងបាក់ ស្រុតប្រឈម ចំនួន២កន្លែង។
ឯកឧត្តមបញ្ជាក់ថា ពីរកន្លែងនេះ ត្រូវសិក្សានៅចំណុចឃុំមានជ័យមុន ជាកញ្ចប់អាទិភាពទីពីរ ដោយសារពាក់ព័ន្ធ និងផ្លូវគមនាគមន៍ ពោលប្រសិនបើច្រាំងបាក់ដាច់កន្លែងនោះ គឺវាកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងក្នុងស្រុកស្រីសន្ធរ ទាំងមូលតែម្ដង។ ចំពោះនៅចំណុចឃុំកោះអណ្ដែត ក្នុងស្រុកស្រីសន្ធរដែរ គឺជាកញ្ចប់អាទិភាពទីបី។
អភិបាលខេត្ត បានឲ្យដឹងទៀតថា គម្រោងស្ថាបនា ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេនេះ គឺត្រូវប្រើបាវច្រកខ្សាច់ ដោយសារធ្វើវិធីនេះ ចំណាយលុយតិច មានគុណភាពដូចប្រើថ្ម ឬចាក់បេតុងដែរ គ្រាន់តែមិនសូវស្អាត។ ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងដែរថា ចំពោះពេលវេលាស្ថាបនា បន្ទាប់ពីការសិក្សា និងលើគម្រោងនៃច្រាំងទន្លេ ជាតំបន់ដែលប្រឈមដូចខាងលើ អាចចាប់ផ្ដើមស្ថាបនានៅដើមឆ្នាំ២០២៤៕