ការប្រកួត Miss Grand Cambodia 2023 បានបញ្ចប់យូមកហើយ ហើយ កញ្ញា អ៊ិន លក្ខិណា ក៏បានទទួលការងារថ្មីៗជាបន្តបន្ទាប់ក្នុងនាមជា Miss Grand Cambodia 2023 លំដាប់រងទី ២ ថ្វីដ្បិតតែមាត់ថាមិនអី តែក្នុងចិត្តរបស់ អ៊ិន លក្ខិណា គឺនៅតែឈឺចាប់ខ្លាំង ដែលមិនអាចគ្រងមកុដបាន គ្រាន់តែនាងមិនបានបង្ហាញឱ្យមហាជនដឹងលឺ ដូច្នេះហើយទើបថ្មីៗនេះ នាងបង្ហើរអារម្មណ៍ប្លែកៗទៅកាន់អ្នកគាំទ្រខ្លួន ។
រាល់ពេលជួបសម្ភាសន៍ជាមួយកញ្ញា អ៊ិន លក្ខិណា Miss Grand Cambodia 2023 លំដាប់រងទី ២ ម្តងៗ នាងតែងតែបង្ហាញនូវអារម្មណ៍រីករាយដែលបានទទួលតំណែងនេះ បើទោះបីជានាងមិនអាចគ្រងមកុដតាមក្តីស្រមៃរបស់ខ្លួនក្តី ។ ប៉ុន្តែក្រោយយូរៗម្តងនាងតែងតែបង្ហើរអារម្មណ៍ប្លែកៗ ដែលធ្វើឱ្យមហាជនមានការសង្ស័យថា អ៊ិន លក្ខិណា សម្តែងធ្វើជាសប្បាយចិត្ត ដើម្បីកុំឱ្យអ្នកគាំទ្រចាប់អារម្មណ៍ ។ ជាក់ស្តែងថ្មីៗនេះ អ៊ិន លក្ខិណា ថែមទាំងបានបង្ហើរអារម្មណ៍ថា « ពាក្យថាជោគជ័យមិនមានន័យថា អ្នកត្រូវតែឈ្នះគ្រប់ពេលនោះទេ ប៉ុន្តែអ្នកបានឱ្យគេទទួលស្គាល់ពីសមត្ថភាព ពិតប្រាកដរបស់អ្នក » ។
តាមរយៈសារថ្មីនេះ បានធ្វើឱ្យមហាជនកាន់តែសង្ស័យថា អ៊ិន លក្ខិណា ពិតជាមិនអស់ចិត្តរឿងប្រកួតធ្លាក់យ៉ាងពិតប្រាកដមែន ។
បើតាមប្រភពព័ត៌មានពីអ្នកស្គាល់គ្នាជាមួយ កញ្ញា អ៊ិន លក្ខិណា បានបង្ហើបប្រាប់ថា អ៊ិន លក្ខិណា ពិតជាមិនទាន់អាចធ្វើចិត្តបានទេ តាំងពីថ្ងៃប្រកួតចប់មកទល់ពេលនេះ ពីព្រោះនាងមានក្តីរំពឹងខ្ពស់លើការប្រកួត ប៉ុន្តែនាងព្យាយាមធ្វើអារម្មណ៍ និង បង្ហាញទឹកមុខរីករាយ ទៅកាន់មហាជនគ្រប់ពេល ដើម្បីកុំឱ្យអ្នកគាំទ្រខ្លួនបានដឹងថា នាងមានអារម្មណ៍ឈឺចាប់ និងមិនសប្បាយចិត្ត ។
ទោះជាយ៉ាងណាក្តីជួបជាមួយ អ៊ិន លក្ខិណា ជាថ្មីម្តងទៀតកាលពីពេលថ្មីៗនេះ នាងនៅតែអះអាងថា នាងសប្បាយចិត្តជាមួយតំណែង លំដាប់រងទី ២ នេះ ទោះបីជាពេលនេះនាងមិនអាចក្លាយទៅជាម្ចាស់មកុដ Miss Grand ប៉ុន្តែថ្ងៃអនាគតគឺមើលមិនឃើញ នាងនឹងវិលត្រឡប់មកកាន់វិស័យបវរកញ្ញាជាថ្មីម្តងទៀតនៅថ្ងៃណាមួយ ៕