ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជំរុញឲ្យពិនិត្យម៉ត់ចត់ជុំវិញការមិនយកលុយពីបងប្អូនអាជីវករលក់តាមកញ្ច្រែងល្អី ជាមួយនិងការរកទីតាំងឲ្យពួកគាត់បានលក់ដូរ និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារទៅតាមកំណត់របស់រាជរដ្ឋាភិបាល។ ការណែនាំនេះ ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការងារគ្រប់គ្រងផ្សារក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥។
ទន្ទឹមនេះ ឯកឧត្ដមអភិបាល ណែនាំដល់ប្រធានគណៈកម្មការផ្សារត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ នៅក្នុងផ្សារដែលខ្លួនគ្រប់គ្រងទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ជាមួយនឹងការធ្វើស្ថិតិឲ្យបានច្បាស់លាស់ចំពោះ អាជីវករ ដែលមានជីវភាពក្រីក្រ និងមធ្យម ដើម្បីងាយស្រួលថែទាំពួកគាត់។ បន្ថែមពីនេះ ត្រូវណែនាំបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ថែរក្សាអនាម័យ បរិស្ថាននៅក្នុងផ្សារជាប្រចាំ។
ឯកឧត្ដមបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងគណៈកម្មការផ្សាររដ្ឋទាំង២៥ ត្រូវពិនិត្យអនុវត្តការងារនេះឲ្យបានម៉ត់ចត់ សំដៅធ្វើយ៉ាងណាទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋ និងអាជីវករ៕
អត្ថបទ៖ អក្ខរា