អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្រេចដាក់ចេញនូវវិធានការធ្វើតេស្តរកសារធាតុញៀនលើ មន្ត្រីពន្ធនាគារពន្ធនាគារជាទូទៅ និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់គ្រឿងញៀនក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងន័យនេះ ដើម្បីធានាប្រសិទ្ធិភាពការអនុវត្តការងាររបស់មន្ត្រីពន្ធនាគារនៅតាម មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ។
សម្រាប់ការចុះប្រតិបត្តិការធ្វើតេស្តរកសារធាតុញៀនជាក់ស្ដែង នឹងដឹកនាំចុះអនុវត្តផ្ទាល់ដោយអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយមន្ត្រីពេទ្យពន្ធនាគារគោលដៅនីមួយៗ ដោយមិនមានការជូន ដំណឹងជាមុន។ ក្នុងករណីរកឃើញថា មន្ត្រីពន្ធនាគារមានចេតនាគេចវេសក្នុងការមិនចូលរួមសហការធ្វើតេស្ដ ឬរកឃើញមានសារធាតុញៀន អគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំគោលការណ៍សម្រេចពី ក្រសួងដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា និងវិធានការផ្លូវច្បាប់ជាធរមាន។
ការសម្រេចចុះធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្ត្រីពន្ធនាគារទូទាំងប្រទេសនេះ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបហាផ្ទៃ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលថ្លែងក្នុងឱកាសពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយបានណែនាំឲ្យគ្រប់អង្គភាពត្រូវរឹតបន្តឹងចំពោះបញ្ហាគ្រឿងញៀន៕
អត្ថបទ៖ អក្ខរា