ដើម្បីអបអរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសណ្ឋាគារ កន្លែងកម្សាន្ត សេវាកម្ម និងអាជីវកម្មនៅក្នុងខេត្តទាំងមូល បញ្ចុះតម្លៃពី១០ភាគរយ ទៅ៥០ភាគរយ រយៈពេល៥ថ្ងៃពេញ ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ខេត្តសៀមរាប ក៏មានរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយ ផលិតផលមួយ និងផលិតផលផ្សេងៗទៀត ចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញានេះ នៅសួនព្រះរាជដំណាក់ ក្រុងសៀមរាប។ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា មានការរៀបចំពិធី “ទិវាពិភពលោកស្អាតលើកទី៦” នៅសួនព្រះរាជដំណាក់ និងនៅតាមបណ្ដាសង្កាត់ក្នុងក្រុងសៀមរាប។ នៅល្ងាចថ្ងៃដដែល មានការប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ នៅសួនព្រះរាជដំណាក់ ដោយមានក្បួនដង្ហែបង្ហាញពីវប្បធម៌ក្នុងតំបន់ រួមទាំងកម្មវិធីប្រគុំតន្ត្រីពីសិល្បៈក្នុងតំបន់៕
អត្ថបទ៖ អក្ខរា