នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជាយើងរកឃេីញមានការផ្ទុះករណីជំងឺភ្នែកក្រហម ដែលគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។
CDC បញ្ជាក់ថា ករណីនេះកើតឡើងដោយសារមានករណីដំបូងដែលមានអ្នកភូមិចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ទៅបុណ្យសពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាម ដែលជាភូមិមានព្រំប្រទល់ជាប់និងភូមិប៉ក់តូចនេះ ។
មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុៈទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ នឹងអប់រំ ភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំនៅយប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៣។
បើតាម CDC ជំងឺភ្នែកក្រហម គឺមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈ៖ ការប៉ះពាល់ផ្ទាល រឺចាប់ដៃគ្នាជាមួយអ្នកជំងឺភ្នែកក្រហម, តាមរយៈខ្យល់ដោយការក្អក រឺកណ្តាស, ប៉ះពាល់របស់ រឺផ្ទៃវត្ថុដែលមានផ្ទុកមេរោគ ហើយយកមកប៉ះភ្នែក វិធីការពារការឆ្លងជំងឺភ្នែកក្រហម។ វិធីការពារ គឺត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ, ជៀសវាងប៉ះ រឺញីភ្នែក, ជៀសវាងការប្រើប្រាស់របស់របររួមគ្នា និងជៀសវាងការប៉ះ រឺប្រើថ្នាំភ្នែកខាងភ្នែកដែលឈឺ ទៅប្រើភ្នែកដែលមិនឈឺ រឺប្រើថ្នាំភ្នែករួមគ្នា។
CDC បាបបញ្ជាក់ទៀតថា ករណីភាគច្រើននៃជំងឺភ្នែកក្រហមគឺស្រាល។ ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ ទៅ ៣ សប្តាហ៍ ឬច្រើនជាងនេះដើម្បីជាសះស្បើយ។ ការព្យាបាលរួមមានថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែក ការឱ្យថ្នាំបន្តក់ឬក្រែម ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ។
ជាមួយគ្នានេះ CDC អំពាវនាវដល់បងប្អូនទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញនិងសូមរាយការណ៍ជាបន្ទាន់បេីឃេីញកេីតជាច្រេីនក្នុងកន្លែងធ្វេីការសាលារៀន ក្នុងសហគមន៍ ឬសូមទាក់ទងលេខ១១៥ ដោយឥតគិតថ្លៃ៕
អត្ថបទ៖ អក្ខរា