សម្រាប់ដំណាក់កាលទី១នៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារជាអាទិភាពចំនួន៣ គឺ៖ ទី១).ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស់ស្ទិក»ដែលផ្តើមចេញពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូក្នុងសាលារៀន ទី២).ការដាំស្តារដើមឈើគ្រប់ប្រភេទដើម្បីពង្រីកវិសាលភាពគម្របព្រៃឈើអោយបាន៦០% នៅឆ្នាំ ២០៥០ តាមរយៈការដាក់ចេញនូវផែនការដាំកូនឈើចំនួន ១លានដើម ជារៀងរាល់ឆ្នាំ។ ទី៣).ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានតាមរយៈការរៀបចំ និងអភិវឌ្ឍរបៀងទេសចរណ៍ធម្មជាតិ និងវប្បធម៌ និងការផ្តល់នូវជម្រើសមុខរបរសមស្របទៅនឹងស្ថានភាពរស់នៅរបស់សហគមន៍នីមួយៗ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន។
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើ «សេចក្ដីព្រាងសេចក្ដីសម្រេចការបង្កើតក្រុមការងារ និងដំណើរ ការរៀបចំគ្រប់គ្រងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់សហគមន៍ជនជាតិដើមភាគតិច រស់នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីចុងសប្តាហ៍កន្លងទៅថា ដើម្បីសម្រេចបាននូវការងារអាទិភាពខាងលើនេះ ចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីស្ថាបន័ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ អង្គការដៃគូជាតិ និងអន្តរជាតិ និងវិស័យឯកជន។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ និងគណៈប្រតិភូអមដំណើរ ដោយមានការចូលរួមពីអាជ្ញាធរដែនដី ប្រជាសហគមន៍ និងសិស្សានុសិស្ស សរុបប្រមាណ១០០នាក់ ក៏បានចូលរួមដាំកូនឈើ ចំនួន៥១០ដើម(បេង, ត្រាច,ធ្នង់, ក្រញូង) នៅដែនជម្រកសត្វព្រៃកែវសីមា ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីផងដែរ៕
អត្ថបទ៖អក្ខរា