តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែកញ្ញានេះ បានលើកឡើងជាសំណួរថា តេីហេតុអ្វីបានជាក្រុមហ៊ុនកប៉ាល់ទាំងអស់នៅកម្ពុជាមិនទទួលដឹកទំនិញ ធ្យូងអនាម័យនិងធ្យូងអុសឈេីកសិកម្មទៅកាន់ទីផ្សារក្រៅប្រទេស? ដោយឡែកនៅប្រទេសវៀតណាមថៃឬប្រទេសផ្សេងៗទៀតគឺគេទទួលដឹកទៅក្រៅប្រទេសផ្សេងដោយគ្មានបញ្ហាអ្វីទាំងអស់។ វាខុសអីតែស្រុកខ្មែរយេីងដែលក្រុមហ៊ុនកប៉ាល់ទាំងអស់មិនព្រមដឹក?
ការចោទជាសំណួរបែបនេះ បន្ទាប់ពីឯកឧត្តមបានទទួលសំណើរពីអ្នកឯកទេសផលិតធ្យូងអនាម័យនិងធ្យូងឈេីកសិកម្មនៅកម្ពុជា ផ្ញើមកហ្វេសប៊ុករបស់ឯកឧត្តម ឲ្យដឹងថា៖ “ធ្យូងដែលខ្ញុំបាទផលិតបានគឺត្រូវបានភ្ញៀវបរទេសត្រូវការជាខ្លាំង ប៉ុន្តែមានឧប្បស័គ្រតែម៉្យាងគឺ កប៉ាល់ មិនព្រមដឹកចេញតាមការស្នេីសុំរបស់ខ្ញុំបាទទេ។
សូមលោកតាជួយឆ្លេីយតបមកខ្ញុំបាទតាមការគួរ។ ឬតាមទូរស័ព្ទលេខ077552277″។
ក្រោយទទួលបានសារពីប្រជាពលរដ្ឋបែបនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសំណូមពរ ឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយពន្យល់ និងដោះស្រាយផងដែរ។
គួរកត់សម្គាល់ថា រាជរដ្ឋាភិបាលបានទទួលស្គាល់ និងលើកទឹកចិត្តឲ្យមានការផលិតធ្យូងអនាម័យយ៉ាងខ្លាំង ដើម្បីរួមចំណែកថែរក្សាបរិស្ថានធម្មជាតិ និងត្រូវបានចាត់ទុកជាឧស្សាហកម្មបៃតង និងថាមពលបៃតង។ បច្ចុប្បន្ន ផលិតផលមួយនេះកំពុងមានការគាំទ្រពីអ្នកប្រើប្រាស់ក្នុងស្រុក និងមានឱកាសនាំចេញទៅទីផ្សារក្រៅប្រទេស ដូចជាប្រទេសកូរ៉េ ជប៉ុន និងបារាំងផងដែរ។
ធ្យូងអនាម័យ ដែលច្នៃពីសម្បកដូង កំទិចឈើ កាកសំណល់ផ្លែឈើផ្សេងៗ និងកាកសំណល់ផ្សេងៗដែលអាចកែច្នៃបាន។ ក្រៅពីមានភាពងាយស្រួលក្នុងការចម្អិនអាហារ ដោយសារវាមានចំហេះងំល្អ ឆេះបានយូរ ក្ដៅខ្លាំងមិនផ្ទុះ និងមានផ្សែងតិច វាថែមទាំងកាត់បន្ថយហានិភ័យជំងឺមហារីក ថែមទាំងបានចូលរួមថែរក្សាបរិស្ថាន និងមិនបំផ្លាញព្រៃឈើទៀតផង៕
អត្ថបទ៖ អក្ខរា