សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងទិសដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់អនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានភ្ជាប់និងបន្សំជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងន័យនេះ កម្ពុជាចង់ទទួលបាននូវការអភិវឌ្ឍមួយប្រកបដោយចីរភាពជាមួយអង្គការសហប្រជាជាតិ និងក្នុងស្មារតីវាយតម្លៃខ្ពស់ដល់សុខសន្តិភាពពេញលេញ ដែលកម្ពុជាកំពុងទទួលបានចំណែកនៃការខិតខំប្រឹងប្រែង និងគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ។
សម្តេចធិបតីបានលើកឡើងបែបនេះ ក្នុង ក្នុងជំនួបជាមួយឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែកញ្ញា នាទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក។
ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សថា កម្ពុជាបន្តការកសាងសង្គមមួយ ដោយឈរលើការគោរពច្បាប់ និងគោលការណ៍នីតិរដ្ឋ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ជាងនេះទៅទៀត ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី បានចុះហត្ថលេខាបន្តសុពលភាពអាណត្តិរបស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្សដែលនេះឆ្លុះបញ្ចាំងអំពីសុច្ឆន្ទៈរបស់កម្ពុជាក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្ស បើទោះបីជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល មិនមានប្រទេសណាអនុញ្ញាតឱ្យមានការិយាល័យ របស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្សក៏ដោយ។
ឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស បានបញ្ជាក់ជាថ្មីថា កម្ពុជាគួរជឿជាក់ចំពោះប្រព័ន្ធអង្គការសហប្រជាជាតិ ដែលតែងតែមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការកាត់បន្ថយភាពក្រីក្រ, ការអនុវត្តគោលការណ៍នីតិរដ្ឋ និង ការគោរពសិទ្ធិមនុស្ស ក្រោមស្មារតីឈ្នះ ឈ្នះ។ ក្នុងន័យនេះ, អង្គការសហប្រជាជាតិនឹងបន្តគាំទ្រ និងសហការជាមួយកម្ពុជា ដើម្បីសម្រេចបានជោគជ័យនៅក្នុងមាគ៌ានៃការរៀបចំគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា៕
អត្ថបទ៖ អក្ខរា