ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹង ឯកឧត្តម Shinzo Abe ធ្លាប់បានរៀបចំបង្កើតឱ្យមានគោលនយោបាយគ្រប់ជ្រុងជ្រោយរវាងជប៉ុន និងកម្ពុជា ហើយសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នឹងបន្តជ្រោងអនុវត្តគោលនយោបាយនេះ។
ឯកឧត្តមបន្តថា ចំពោះកម្ពុជា យើងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអ្នកវិនិយោគជប៉ុនបន្តទៀត មកវិនិយោគនៅកម្ពុជា។ ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូររៀបចំដីសមស្របបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់អ្នកវិនិយោគជប៉ុនបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្នុងពេលទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុន Mitsubishi ប្រចាំនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមស្នើក្រុមហ៊ុន Mitsubishi ត្រូវមានការសម្រេចចិត្ត និងរៀបចំសំណើវិនិយោគច្បាស់លាស់ ដើម្បីក្រសួងអាចផ្តល់ការសម្របសម្រួលជូនប្រកបដោយប្រសិទ្ធភាព៕