ការពិតពីភ្ញៀវទេសចរនៅអង្គរវត្ត ផ្ទុយពីអ្នកប្រឌិតថា ស្ងាត់គ្មានមនុស្ស

ផ្ទុយពីបុគ្គលមួយចំនួនដែលកំពុងបង្ហោះក្នុងហ្វេសបុកថា នៅសៀមរាបអង្គរស្ងាត់គ្មានមនុស្សនោះ, អាជ្ញាធរជាតិអប្សរា បានបង្ហាញទិដ្ឋភាពថ្ងៃរះពេលព្រឹកព្រលឹមនៅប្រាសាទអង្គរវត្ត នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃព្រឹត្តិការណ៍សមរាត្រី មានភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើន បានមកទស្សនា និងផ្តិតយករូបភាពដ៏អស្ចារ្យនៅប្រាសាទអង្គរ ក្នុងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃរះនៅប្រាសាទអង្គរវត្ត ជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ ទេសចរខ្លះឈរ និងខ្លះអង្គុយ នៅជុំវិញស្រះខាងត្បូងប្រាសាទអង្គរវត្ត ដើម្បីរង់ចាំមើលថ្ងៃរះ​ដ៏ស្រស់ត្រកាល នាព្រឹកព្រហៀម។ ដំណើរកម្សាន្តមករមណីយដ្ឋានអង្គរ ទេសចរតែងចំណាយពេលដ៏មានតម្លៃ ក្រោកពីយប់ ឆ្ពោះមកប្រាសាទអង្គរវត្ត ដើម្បីបានឃើញភាពអស្ចារ្យនៃសម្រស់កំពូលប្រាង្គប្រាសាទអង្គរវត្ត ដែលឆ្លុះចាំងជាមួយពន្លឺព្រះអាទិត្យរះពណ៌មាស។

ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ចំពោះឆ្នាំ២០២៣នេះ ថ្ងៃរះលើ​កំពូល​អង្គរវត្តចំថ្ងៃសមរាត្រីរដូវស្សានេះ នៅថ្ងៃទី២២ ខែកញ្ញា ដែលជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នាគិតនៅប្រទេសកម្ពុជាយើង។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។

ករណីពិសេសនៅអង្គរវត្ត នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលយើងអាចមើលឃើញពីខ្លោងទ្វារកណ្តាលនៃគុហ៍តារាជ (ខ្លោងទ្វារធំខាងលិច)។ នេះជារឿងអច្ឆរិយរបស់អង្គរវត្ត ដែលបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម ស្ថាបត្យកម្ម និងតារាសាស្រ្ត។ គឺជាហេតុផលវិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយចំពោះសំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាង​លិច៕

អត្ថបទ៖ អក្ខរា