មជ្ឈដ្ឋានទូទៅតែងសម្តែងក្តីបារម្ភថា កម្ពុជាជំពាក់បរទេសច្រើន, តើកំរិតបំណុលរបស់កម្ពុជានាពេលបច្ចុប្បន្នច្រើនគួរអោយបារម្ភដែរឬទេ? លោក ង៉ែត ជូ អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញតារាបណ្តាប្រទេសដែលមានកំរិតបំណុលខ្ពស់ជាងគេទាំង១២។
ក្នុងនោះ ប្រទេសវេនីស៊ូអេឡា គឺជាប្រទេសដែលមានបំណុលខ្ពស់លំដាប់លេខ១ ក្នុងពិភពលោកគឺរហូតដល់ទៅ ៣៥០% នៃទំហំសេដ្ឋកិច្ចរបស់ខ្លួន (សូមបញ្ជាក់ដែរថាសេដ្ឋកិច្ចរបស់ប្រទេសនេះបានដួលរលំទៅហើយ)។ ក្នុងចំណោមប្រទេសទាំង១២ យើងក៏សង្កេតឃើញមានប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនខ្លាំងដែលយើងតែងសរសើរក៏មានកំរិតបំណុលខ្ពស់ខ្លាំងណាស់ដែរ ដូចជាប្រទេសជប៉ុន (២៦៦%) ប្រទេសសឹង្ហបុរី (១៣១%) និងសហរដ្ឋអាមេរិក (១២៨%)។
ដោយឡែក បើក្រឡេកមកមើលកំរិតបំណុលរបស់ប្រទេសកម្ពុជាវិញ គឺនៅមានកំរិតទាបបំផុតធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់។ កម្ពុជាមានកំរិតបំណុលត្រឹមតែ២៩,៤% នៃទំហំសេដ្ឋកិច្ចរង្វង់ ៣០ពាន់លានដុល្លាអាមេរិក។ គឺទាបជាងប្រទេសវៀតណាម ឡាវ ម៉ាឡេស៊ី ចិន មីយ៉ានម៉ា ថៃ ហ្វីលីពីន និងឥណ្តូនេស៊ី។
អ្នកជំនាញរូបនេះ បញ្ជាក់ថា កំរិតបំណុលរបស់កម្ពុជាមិនទាន់ខ្ពស់គួរអោយបារម្ភនោះទេ។ ផ្ទុយទៅវិញគឺនៅមានឱកាសអាចខ្ចីមកវិនិយោគបន្ថែមទៀត។ ប៉ុន្តែអ្វីដែលត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់គឺប្រសិទ្ធិភាព និងតម្លាភាពនៃការប្រើប្រាស់បំណុលទាំងនោះ៕