លោក គូម៉ា ប៉ះ លោក ខាន់ ជេមស៌ លើកដំបូងក្នុង MV ចម្រៀង « នែ ! អាប្អូនពៅ »កក្រើកឆាក Galaxy ក្នុងឈុតជំនាន់ទសវត្សរ៍ទី ៦០ !

តារាចម្រៀងរូបសង្ហារលោក គូម៉ា បានប៉ះគ្នាជាមួយដៃគូចម្រៀងលោក ខាន់ ជេមស៌ ជាលើកដំបូងក្រោយចូលផលិតកម្ម Galaxy Navatra តាមរយៈបទចម្រៀងថ្មីមួយដែលមានចំណងជើងថា « នែ ! អាប្អូនពៅ » ។ 

MV ចម្រៀង « នែ ! អាប្អូនពៅ » បានចេញជាផ្លូវការនៅព្រឹកថ្ងៃទី ២១ ខែ កញ្ញា នេះនៅក្នុងផលិតកម្ម Galaxy Navatra ។ តាមរយៈបទចម្រៀងថ្មីនេះ លោក ខាន់ ជេមស៌ ច្រៀងឆ្លើយឆ្លងជាមួយលោក គូម៉ា ដែលរៀបរាប់ពីអារម្មណ៍របស់ខ្លួនចង់បានប្រពន្ធ ។ 

គ្រាន់តែបទចម្រៀងនេះចេញជាផ្លូវការភ្លាម មានការគាំទ្រច្រើនពីមហាជន ដោយសារលោក គូម៉ា និងលោក ខាន់ ជេមស៌ បានសហការគ្នាបានយ៉ាងល្អ ទាំង សម្តែង និងច្រៀង ក្នុងបទចម្រៀងមួយបទនេះ ជាពិសេសផលិតកម្ម Galaxy Navatra បានរំលេចជាមួយនិងទិដ្ឋភាពរាំលេងកម្សាន្តដែលមានការចូលរួម សម្តែងពីតារាជើងចាស់ និង តារាថ្មីៗជាច្រើន ដោយតម្រូវឱ្យស្លៀកពាក់និងតុបតែងខ្លួនក្នុងទសវត្សរ៍ទី ៦០ ជាក់ស្តែងតាមរយៈវិដេអូដែលទស្សនិកជនបានឃើញស្រាប់ ។

បទចម្រៀង « នែ ! អាប្អូនពៅ » គឺជាស្នាដៃនិពន្ធ Melody និងទំនុកច្រៀងដោយ ចៅឃ្មុំ និង និពន្ធបទភ្លេងដោយ ប្រុសម៉ៅ ។ តោះរាំលេងកម្សាន្តទាំងអស់គ្នាតាមរយៈបទចម្រៀង « នែ ! អាប្អូនពៅ » ដើម្បីត្រៀមអបអរក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលឈានមកដល់ក្នុងពេលឆាប់ៗខាងមុខ ៕