រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់ បំផុត និងប្រកាន់ខ្ជាប់ចំពោះ ពាក្យស្លោក «អរគុណសន្តិភាព» របស់សម្តេចតេជោ ហ៊ុន សែន។ នេះបើតាមការបញ្ជាក់ក្នុងសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
សារលិខិតរបស់សម្តេចធិបតី បញ្ជាក់ថា សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ។ ដើម្បីកសាងសន្តិភាព យើងទាំងអស់គ្នាត្រូវពុះពារគ្រប់ឧបសគ្គ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយ និង ភាតរភាពជាអន្តរជាតិ។ សម្តេចធិបតីក៏បញ្ជាក់ឡើងវិញនូវឆន្ទៈដ៏មោះមុតរបស់ប្រជាជនកម្ពុជា ក្នុងការការពារនិងចូលរួមកសាងសន្តិភាព ស្ថេរភាព នៅក្នុងប្រទេស តំបន់ និងសកលលោកឱ្យបានគង់វង្សស្ថិតស្ថេរ។
ក្នុនងសារលិខិតរបស់សម្តេចធិបតី ជឿជាក់យ៉ាងមុតមាំថា ការប្រារព្ធទិវាសន្តិភាពអន្តរជាតិឆ្នាំនេះ នឹងបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តសារជាថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់តម្លៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។
សូមជម្រាបថា ជារៀងរាល់ឆ្នាំ អង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី២១ ខែកញ្ញា ជាថ្ងៃដ៏ពិសេស សម្រាប់បណ្តាប្រទេសនៅទូទាំងសកលលោកប្រារព្ធ«ទិវាសន្តិភាពអន្តរជាតិ» ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នាលើកគុណតម្លៃសន្តិភាព ក៏ដូចជាការរំលឹកដល់វីរភាពនានាក្នុងការរួមចំណែកធ្វើឱ្យ សម្រេចបាននូវសន្តិភាព។
នៅក្នុងឆ្នាំ២០២៣នេះ ការប្រារព្ធទិវាសន្តិភាពក្រោមមូលបទ «សកម្មភាព ដើម្បីសន្តិភាព៖ ការប្តេជ្ញាចិត្តរួមគ្នាសម្រាប់គោលដៅសកល» ដោយផ្តល់គុណតម្លជាចម្បងដល់ សកម្មភាពដើម្បីសន្តិភាពនឹងអំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកធ្វើឱ្យគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រេចបានជោគជ័យ ដើម្បីបញ្ចប់នូវវិនាសកម្ម ភាពក្រីក្រ ភាពអត់ឃ្លាន ការប្រែប្រួលអាកាសធាតុ និងធានានូវភាពរុងរឿងសម្រាប់ទាំងអស់គ្នា៕
អត្ថបទ៖ អក្ខរា