សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបសំណេះសំណាលជាមួយប្រតិភូកីឡា កីឡាករ កីឡាការិនីកម្ពុជា ទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២០ កញ្ញា ២០២៣ នៅវិមានសន្តិភាព។
សម្តេចធិបតី មានប្រសាសន៍ថា កីឡា គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំផុសនូវស្មារតីស្នេហាជាតិ ជាពិសេស ការបង្កើតនូវស្មារតីនៃការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ដែលជាកម្លាំងគាំទ្រដ៏សកម្មបំផុតក្នុងការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់ៗរូប។ ជាងនេះទៅទៀត អ្វីដែលរឹតតែពិសេសសម្រាប់កម្ពុជា និងជាមោទនកភាពជាតិនោះគឺភាពរួសរាយរាក់ទាក់ និងអំពើល្អរបស់កម្ពុជា, ក្រុមកីឡាករ និងកីឡាការិនី, អ្នកគាំទ្រ និងប្រជាជនកម្ពុជា ចំពោះគ្រប់គណៈប្រតិភូកីឡាបរទេសទាំងអស់ បានបង្កើតឱ្យមានការចងចាំដ៏ល្អអំពីកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើនូវអនុសាសន៍មួយចំនួនជូនដល់កីឡាករ និងកីឡាការិនីទាំងអស់ សម្រាប់ការត្រៀមលក្ខណៈប្រកួតនាពេលខាងមុខ រួមមាន៖ (១.) បន្តហ្វឹកហាត់ និងថែបំប៉នសុខភាពឱ្យបានល្អ, (២.) ប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ជាកីឡាករ និងកីឡាការិនី និងជាមិត្តល្អ ដើម្បីបង្កើតនូវការចងចាំល្អពីកម្ពុជា ព្រោះអត្តពលិកកម្ពុជាម្នាក់ៗ សុទ្ធសឹងតែជាអង្គទូតតំណាងឱ្យកម្ពុជា, (៣.) ចៀសវាងដាច់ខាតនូវការប្រើប្រាស់សារធាតុហាមឃាត់ និងខុសពីបទវិន័យកីឡា, (៤.) រក្សាសាមគ្គីភាព និងជួយគ្នាទៅវិញទៅមក ឱ្យដូចជាសុភាសិត «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» និង (៥.) បន្តបង្កើនសាមគ្គីភាព និងមិត្តភាពជាមួយអត្តពលិកនៃបណ្តាប្រទេសនានា ក្រោមគោលការណ៍៖ ឈ្នះ គឺជាការបង្កើនមិត្តច្រើន និងឈរលើក្រមសីលធម៌ល្អ៕