រយៈពេល ២ថ្ងៃ នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារការពាក់ព័ន្ធ ធ្វើវិបស្សនាលើកទី៦ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
វិបស្សនាលើកទី៦នេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីទទួលបានធាតុចូលសំខាន់ៗពីសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យ និងកែសម្រួលចុងក្រោយលើសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ដើម្បីធានាបានភាពគ្រប់ជ្រុងជ្រោយ។
ទន្ទឹមនេះ អង្គវិបស្សនាក៏បានបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារនានាពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃកិច្ចដំណើរការនៃយន្តការថ្មីនេះ។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយន្តការថ្នាក់ជាតិថ្មីមួយ ដែលនឹងបំពេញបន្ថែមឱ្យយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់ គឺដើម្បីឆ្លើយតបទៅនឹងការងារអាទិភាពទី១ ក្នុងចំណោមការងារអាទិភាពទាំង ៣ នៃការកែទម្រង់វិស័យយុត្តិធម៌ នៅក្នុងវិធានការគន្លឹះជាអាទិភាពទាំង ៥ ដែលបានដាក់ចេញដោយ សម្តេចប្រមុខរាជរដ្ឋាភិបាល នាពេលកន្លងមក។
យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺមានលក្ខណៈស្របទៅនឹងប្រពៃណីនៃការដោះស្រាយវិវាទនៅកម្ពុជា ដែលនឹងរួមចំណែកយ៉ាងច្រើនក្នុងសង្គមជាតិ ក្នុងការបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន, ជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី និងជាពិសេស គឺជួយបញ្ចប់វិវាទបានឆាប់រហ័ស ដោយគូភាគីនៃវិវាទអាចទទួលបាននូវដំណោះស្រាយឈ្នះ-ឈ្នះ និង គ្មានអ្នកចាញ់ ដែលអាចរក្សាបាននូវភាពសុខដុមរមនានៅក្នុងសហគមន៍ និងសង្គមជាតិ។
ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មានមូលដ្ឋានគ្រឹះនៅក្នុង “នយោបាយឈ្នះ-ឈ្នះ” របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ, ការឯកភាពជាតិ និងសន្តិភាពពេញបរិបូរណ៍ ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន៕
អត្ថបទ៖ អក្ខរា