ដំរីអាស៊ីដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារប្រព័ន្ធអេកូឡូស៊ី ជាពិសេសនៅតំបន់ដែលជាដែនជម្រកព្រៃធម្មជាតិរបស់សត្វដែលមានមាឌធំមហិមានេះ។ យោងទៅលើការសិក្សាតាមរយៈDNA ដែលធ្វើឡើងក្នុងឆ្នាំ២០០៩ តំបន់ដែនជម្រកសត្វព្រៃកែវសីមាមានវត្តមានសត្វដំរីអាស៊ីប្រហែល ១០០ – ១៣០ក្បាល។ យ៉ាងណាមិញតួរលេខនេះមិនអាចបញ្ជាក់អំពីចំនួនសត្វដំរីអាស៊ី នៅក្នុងឆ្នាំ២០២៣បាននៅឡើយទេ។
តើស្រាវជ្រាវរកចំនួនសត្វដំរីអាស៊ីដែលរស់នៅក្នុងព្រៃដោយរបៀបណា? ក្រុមការងារស្រាវជ្រាវសត្វព្រៃរបស់អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃកែវសីមា បានធ្វើការសិក្សាស្រាវជ្រាវរកចំនួនរបស់សត្វដំរីតាមវិធីសាស្ត្រធ្វើ DNAដោយជាបឋមគឺដើរស្វែងរកលាមកសត្វដំរីអាស៊ីនេះនៅក្នុងព្រៃ បន្ទាប់មក ប្រមូលយកសំណាកលាមកទាំងនេះមកធ្វើការវិភាគនៅមន្ទីពិសោធន៍។
សម្រាប់កិច្ចសិក្សាស្រាវជ្រាវនេះគឺមានរយៈពេល៦ខែ ដោយរាប់ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែឧសភា ឆ្នាំ២០២៣។ ចំណែកឯលទ្ធផលពីការសិក្សាវិភាគ DNA របស់សត្វដំរីអាស៊ីនៅក្នុងដែនជម្រកសត្វព្រៃកែវសីមានេះនឹងត្រូវបង្ហាញនៅឆ្នាំ២០២៤តាមរយៈមន្ទីរពិសោធន៏នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
បន្ទាប់ពីការសិក្សានេះ ក្រុមការងារស្រាវជ្រាវសង្ឃឹមថា យើងនឹងអាចដឹងពីស្ថិតិនៃចំនួនសត្វដំរីអាស៊ីជាក់លាក់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក៏ដូចជាស្ថានភាពជីវសាស្ត្ររបស់វា ដើម្បីចងក្រងជាឯកសារក្នុងការសិក្សា និងរៀបចំជាកិច្ចអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពក្នុងគោលដៅអភិរក្សជីវចម្រុះនានាដែលមានក្នុងដែនជម្រកសត្វព្រៃកែវសីមា៕