សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានប្រឹងប្រែងទៅទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសមកហើយ ដូច្នេះថ្នាក់ដឹកនាំខេត្តនីមួយៗត្រូវប្រឹងប្រែងទាក់ទាញបន្តទៅតាមខេត្តរបស់ខ្លួន។
ពីវេទិកាជួបសំណេះសំណាលជាមួយកម្មករ និយោជិកជិត ២ម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ខេត្តនីមួយៗគួរប្រកួតប្រជែងគ្នាទាក់ម៉ូយ។ «ទាក់ម៉ូយ» ដែលសម្តេចធិបតីសំដៅដល់ការទាក់ទាញអ្នកវិនិយោគ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍក្នុងមូលដ្ឋានរបស់ខ្លួន។
ការទាក់ម៉ូយនេះ ដោយសម្តេចលើកយោបល់ដល់បណ្តាអភិបាលខេត្តថា ខេត្តរបស់ខ្លួនមានសក្តានុពលរៀងៗខ្លួន ដូច្នេះតាមគោលនយោបាយវិមជ្ឈការដែលរដ្ឋបានផ្តល់អំណាចដល់ថ្នាក់មូលនេះ ថ្នាក់ដឹកនាំខេត្តគួរយកចិត្តទុកដាក់គិតគូរបលើគោលការណ៍ផ្តល់ការអនុគ្រោះបន្ថែមទៅដល់ការវិនិយោគនានា សម្រាប់ការរីកចម្រើននៅមូលដ្ឋានរបស់ខ្លួន។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការទាក់ទាញអ្នកវិនិយោគនេះ មិនអាចសម្តេច ឬរដ្ឋាភិបាលធ្វើតែម្នាក់ឯងនោះឡើយ គឺចាំបាច់ត្រូវការការចូលរួមពីបណ្តាថ្នាក់ដឹកនាំខេត្ត ដើម្បីផលប្រយោជន៍ទាំងអស់គ្នា៕
អត្ថបទ៖ អក្ខរា