“មិនថាបក្សណា រឿងបោះឆ្នោត រឿងនយោបាយយើងខុសគ្នា ប៉ុន្តែនៅពេលយើងលើកតម្កើងកិត្តិយសជាតិ លើកតម្កើងកេរ្តិ៍តំណែងដូនតាយើង យើងត្រូវរួមគ្នាចិត្តមួយថ្លើមមួយក្នុងនាមជាកូនខ្មែរទាំាំងអស់គ្នា នេះហើយជាស្មារតីជាតិនិយម” នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ពីវេទិកាជួបសំណេះសំណាលជាមួយកម្មករ និយោជិកជិត ២ម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវប្រជាពលរដ្ឋរួមគ្នាធ្វើសកម្មភាពអបអរសាទរចំពោះព្រឹត្តិការណ៍ ដាក់បញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីលើកតម្កើងស្មារតីជាតិនិយម។
ជាថ្មីទៀត សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរ ដែលប្រាសាទកោះកេរ ត្រូវបានអង្គការយូណេស្កូ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្នុងនាមជាកូនខ្មែរមួយរូប សម្តេចពិតមានមោទនភាពណាស់ ហើយនេះគឺជាមោទនភាព សម្រាប់ប្រជាជាតិខ្មែរទាំងមូល។
ដើម្បីជាការអបអរសាទរដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានណែនាំដល់គ្រប់រាជធានី-ខេត្ត គ្រប់មន្ទីរជំនាញរាជធានីខេត្ត គ្រប់ក្រុងស្រុកខណ្ឌ និងគ្រប់ឃុំសង្កាត់ ព្រមទាំងជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នា វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ចានឆ្នាំង តាមគ្រប់មធ្យោបាយ ដែលខ្លួនមាន នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២០ ខែកញ្ញាស្អែកនេះ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ។
នៅពេលល្ងាច ចាប់ពីម៉ោង៦យប់ទៅ ក៏មានការរៀបចំពិធីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយក៏មានការផ្សាយបន្តផ្ទាល់នៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ រួមមាន នៅសួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នៅសួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងនៅទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឬស្សីកែវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវនៅតាមបណ្តាខេត្តនានា ដាក់បញ្ចាំងស្លាយជូនប្រជាពលរដ្ឋបានទស្សនាពិធីអបអរសាទរនៃការដាក់ប្រាសាទកោះកេរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២០ ខែកញ្ញាស្អែកនេះផងដែរ៕
អត្ថបទ៖ អក្ខរា