ក្រសួងយុត្តិធម៌ ប្រកាសបន្តតាមដានរាល់ព័ត៌មានទាំងឡាយណា ដែលមានចរិតជាការបរិហារកេរ្តិ៍លើស្ថាប័នរបស់រដ្ឋ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
ការប្រកាសពីអ្នកនាំពាក្យក្រសួងយុត្តិធម៌បែបនេះ ក្រោយមានការផ្សាយព័ត៌មានមិនពិត ពីគណនីហ្វេសប៊ុកមួយឈ្មោះ San Prum បានផ្សព្វផ្សាយនូវព័ត៌មានមួយដែលមានខ្លឹមសារថា៖ « មានបញ្ហាហើយក្រសួងយុត្តិធម៌ ? យឹម ភារុន ក្រោយពីចេញពីគុក បានប្រឡងជាប់ក្របខ័ណ្ឌប៉ូលីស តើព្រឹត្តិបត្រថ្កោលទោសចេញពីក្រសួងយុត្តិធម៌ បញ្ជាក់ (Certifier) ថាដូចម្តេច? មិនធ្លាប់មានទោសឬ? រឿងជាន់រឿងហើយ! ………………… តាមដឹងហាងឆេងបញ្ជាក់បែបនេះ(មិនដែលមានទោស)មិនក្រោមពាន់ដុល្លារទេ!! ហាសៗៗ។ » ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចាត់ឲ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីនេះ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ យោងតាមការស្រាវជ្រាវ និងកំណត់ត្រាក្នុងបញ្ជីថ្កោលទោសនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ បានបង្ហាញឱ្យឃើញថា ឈ្មោះ យឹម ភារុន ពុំបានមកស្នើសុំព្រឹត្តិបត្រថ្កោលទោសពីក្រសួងយុត្តិធម៌នោះទេ ហើយក្រសួងយុត្តិធម៌ ក៏ពុំបានផ្តល់ព្រឹត្តិបត្រថ្កោលទោសនេះដល់សាមីជនឡើយ ។
ក្រសួងយុត្តិធម៌បញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយឈ្មោះ San Prum ជាការផ្សាយព័ត៌មានមិនពិតដែលមានចរិតជាការបរិហារកេរ្តិ៍ ចំពោះក្រសួងយុត្តិធម៌។ ហេតុដូចនេះ ក្រសួងនឹងប្រកាន់យកវិធានការផ្លូវច្បាប់លើករណីនេះ ចំពោះការផ្សាយព័ត៌មានមិនពិត ដែលមានចរិតជាការបរិហារកេរ្តិ៍លើស្ថាប័នរបស់រដ្ឋបែបនេះ ដើម្បីការពារភាពស្អាតស្អំរបស់ស្ថាប័ន។
តាមការបញ្ជាក់ពីឯកឧត្តម គឹម សន្តិភាព នៅថ្ងៃទី១៨ ខែកញ្ញានេះថា ដោយទទួលបានគោលការណ៍ដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខ្ញុំសូមបញ្ជាក់ជូនថា ក្រសួងយុត្តិធម៌សម្រេចចិត្តផ្អាកចំណាត់ការទៅតុលាការពាក់ព័ន្ធករណីលោក ព្រំ សាន មួយរយៈពេលសិន។ យ៉ាងណាមិញ ក្រសួងយុត្តិធម៌នឹងបន្តតាមដានរាល់ព័ត៌មានទាំងឡាយណាដែលមានចរិតជាការបរិហារកេរ្តិ៍លើស្ថាប័នរបស់រដ្ឋបែបនេះ៕
អត្ថបទ៖ អក្ខរា