រដ្ឋមន្ត្រីក្រសួងធនធានទឹក ស្នើឥណ្ឌាផ្តល់រូបភាពពីផ្កាយរណប ដើម្បីជួយដល់ការព្យាករទឹកជំនន់រដូវវស្សា

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយលោកជំទាវ DEVYANI KHOBRAGADE ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។

ក្នុងជំនួបពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាលនេះដែរ ក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ភាគីឥណ្ឌាបន្តកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ធនធានទឹក ចំនួន ៥គឺ៖ទី១៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅខេត្តកំពង់ស្ពឺ។ ទី២៖ គម្រោងដំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ។ ទី៣៖ គម្រោងសិក្សាបន្ថែមទឹកក្រោមដីក្នុងខេត្តកំពង់ស្ពឺ ស្ថិតនៅក្រុង-ស្រុក ចំនួន ៤គឺក្រុងច្បារមន ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកឧដុង្គ។ ទី៤៖ ផ្តល់រូបភាពពីផ្កាយរណប ដើម្បីជួយដល់ការព្យាករឱ្យមានប្រសិទ្ធភាព ជាពិសេសការព្យាករទឹកជំនន់នារដូវវស្សា។ ទី៥៖ ជួយដល់ការអភិវឌ្ឍធនធានមនុស្សទាំងផ្នែកបច្ចេកទេស និងផ្នែកបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យា ទឹកក្រោមដី។

លោកជំទាវ ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងសម្តែងនូវការ​កោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសថ្នាក់ដឹកនាំនៃក្រសួងធនធានទឹក និងឧតុនិយម ដែលបានរួមសហការគ្នាយ៉ាងល្អប្រកបដោយប្រសិទ្ធភាពខ្ពស់។

ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបន្តកិច្ចសហការលើវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើនឈានទ្បើងជាបន្តបន្ទាប់ទៀត។

សូមជម្រាបថា បច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយមកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។ ចាប់តាំងពីឆ្នាំ២០០៤មក ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក រវាងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ទាំងតាមរយៈជំនួយឥតសំណង និងកម្ចីសម្បទាន បានទទួលនូវសមិទ្ធផលជាច្រើនដូចជា ទី១៖ គម្រោងទិញម៉ាស៊ីនបូមទឹក។ ទី២៖ គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកស្ទឹងតាសាល ដំណាក់កាលទី១ ដែលមានទីតាំងស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទី៣៖ គម្រោងអភិវឌ្ឍន៍ផែនការមេស្ទឹងសៀមរាប។ ទី៤៖ គម្រោង សិក្សាទឹកក្រោមដីក្នុងខេត្តកំពង់ស្ពឺ ដែលបានធ្វើឡើងនៅក្នុងស្រុកចំនួន ២គឺ ស្រុកបរសេដ្ឋ និងស្រុកគងពិសី៕