ប្រាក់ឈ្នួលកម្មករ៖ រដ្ឋាភិបាលបញ្ចេញតួលេខ ២០២ដុល្លារ ខណៈនិយោជក ២០១.៥ដុល្លារ និងសហជីពស្នើតួលេខ២

គិតមកដល់ពេលនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៩លើក ដែលរួមមាន៖ កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៨លើក, កិច្ចប្រជុំទ្វេភាគីចំនួន២លើក និងកិច្ចប្រជុំត្រីភាគីចំនួន៩លើក។ ដោយឡែក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកិច្ចពិភាក្សាចំនួន៣លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងតំណាងភាគីកម្មករនិយោជិតចំនួន១លើក និងកិច្ចប្រជុំត្រីភាគីចំនួន២លើក។

ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន២ ផ្សេងគ្នាគឺ តួលេខ ២០៤ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ១២លើ១៧នាក់ និងតួលេខ ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ៥លើ១៧នាក់។ តំណាងភាគីនិយោជក បានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន ២០១.៥ដុល្លារអាម៉េរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណបច្ចេកទេស បានលើកឡើងនូវតួលេខចំនួន ២០២ដុល្លារអាម៉េរិក។

តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក នឹងគោរពស្នើសុំនូវសំណូមពរផ្សេងៗ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវបរិយាកាសវិនិយោគ និងបរិយាកាសធុរកិច្ចកាន់តែប្រសើរ ព្រមទាំងកាត់បន្ថយការចំណាយរបស់បងប្អូនកម្មករនិយោជិត ក៏ដូចជាការពារនូវសិទ្ធិ កិត្តិយស និងអត្ថប្រយោជន៍របស់កម្មករនិយោជិត។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង៩:០០នាទីព្រឹក៕