នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន ធ្វើជាសាក្សីលើការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន១៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមា​និត​ចិន នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣, នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង។

សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីជំហរនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី​ថា កម្ពុជាបន្តរក្សានូវជំហរដដែល ជាពិសេស បន្តអនុវត្តនយោបាយចិនមួយយ៉ាងខ្ជាប់ខ្ជួន។ កម្ពុជាបន្តគាំទ្រចិន នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ព្រមទាំងបន្តគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់ចិន។ សម្ដេចធិបតី បានគាំទ្រចំពោះការរៀបចំគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវលើកទី៣ និងបានបញ្ជាក់ពីការអញ្ជើញរបស់ សម្ដេចធិបតី នាខែតុលា ខាងមុខ។ បន្ថែមពីលើនេះ, កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបន្តអនុវត្តនូវគម្រោងដែលបានព្រមព្រៀងគ្នា និងខិតខំស្វែងរកនូវគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីអនុវត្តសម្រាប់ជាផលប្រយោជន៍ជូនប្រជាជនទាំងពីរ ឱ្យបានកាន់តែប្រសើរ។

ជាសក្ខីភាពនៃចំណងមិត្តភាព និងសាមគ្គីភាពដ៏រឹងមាំ, ឯកឧត្ដមនាយករដ្ឋមន្ត្រី លី ឈាង និង សម្ដេចធិបតី បាន​​ធ្វើជាសាក្សីលើការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១៥ ដែលក្នុងនោះមាន ឯកសារស្តីផែនការសកម្ម​ភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ផងដែរ។ ប្រមុខរដ្ឋាភិបាល​ទាំងពីរក៏បានប្ដេជ្ញាចិត្តបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌអន្តរជាតិ ដើម្បីផ្ដល់ជាផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។

សម្ដេចធិបតី បានស្នើឱ្យសមភាគីចិន ពិនិត្យពិចារណាលើគម្រោងពាក់ព័ន្ធនឹងសន្តិសុខថាមពល ប្រព័ន្ធហេដ្ឋារចនា​សម្ព័ន្ធ ការជំរុញ និងការលើកទឹកចិត្តផ្នែកវិនិយោគ ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការស្តារ និងជំរុញវិស័យទេសចរណ៍។ ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង បានអរគុណចំពោះការស្នើរបស់ សម្ដេចធិបតី និងរីករាយបន្តសហការ និងជំរុញអនុវត្តឱ្យចេញជាលទ្ធផលនូវគម្រោងទាំងនេះ។

ជាមួយនឹងស្មារតី និងការប្ដេជ្ញាពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងប្រសើរឡើង, ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នា បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា និងបន្តគាំទ្រ ព្រមទាំងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក៕