សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយផ្តោតលើទិដ្ឋភាព ៣សំខាន់ៗ

«សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងនៅមហាសន្និបាត អង្គការសហប្រជាជាតិ ដោយផ្តោតលើវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច របស់កម្ពុជា និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិ​ភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ច ពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក។ មូលបទចម្បងសម្រាប់​កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញ សកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។

អញ្ជើញអមដំណើរសម្ដេចធិបតី រួមមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ផ្នែកឯកជនមួយចំនួនរបស់កម្ពុជា។
ខ្លឹមសារនៃសន្ទរកថារបស់ សម្ដេចធិបតី នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនឹង ផ្ដោតលើទិដ្ឋភាពសំខាន់​ៗចំនួនបី រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។ សម្ដេចធិបតី ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជន បរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក។

នៅអំឡុងពេលនៃកិច្ចប្រជុំខាងលើ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្តី្រការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាថ្នាក់តំបន់ និងអន្តរជាតិ រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (ECO) លើកទី១៥។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏នឹងគ្រោងជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយសមភាគីមកពីបណ្តាប្រទេសនានាផងដែរ៕