ក្រសួងសុខាភិបាល ប្រាប់ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីជំងឺគ្រុនឈាម ខណៈចាប់ពីខែមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានការកើនឡើងករណីជំងឺគ្រុនឈាមគួរឱ្យកត់សម្គាល់។
យោងតាមសេចក្ដីណែនាំ ស្តីពីការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម ផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកញ្ញានេះ ក្រសួងសុខាភិបាលបានឲ្យដឹងថា តាមរយៈបទពិសោធន៍ ការសិក្សាស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនាពេលកន្លងមក បានបង្ហាញថាស្ថានភាពជំងឺគ្រុនឈាមតែងតែមានវដ្តនៃជំងឺកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់៥ ទៅ៦ឆ្នាំម្តង។
គួរកត់សំគាល់ថា ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយ វីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹក ដក់រងថ្លាគ្មានក្លិនដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុកឬបោះចោលពាសវាលពាសកាលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។
ហេតុនេះ ក្រសួងសុខាភិបាល ណែនាំក្រើនរំលឹកដល់ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្នប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួម ទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព។
វិធានការដែលត្រូវអនុវត្តដូចជា ក្នុងករណីមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី៣៩ ទៅ៤០អង្សារសេ ឬមានសមាជិកគ្រួសារដែលមានរោគសញ្ញាដូចការរៀបរាប់ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាល នៅតាមមន្ទីរពេទ្យ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស តាមរយៈការលុបបំបាត់វត្ថុដាក់ទឹក និងថ្លុកដក់ទឹក និងត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់ របស់របរសំលៀកបំពាក់ទាំងក្នុងនិងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះជាដើម៕
អត្ថបទ៖ អក្ខរា