សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបក្រុមហ៊ុនធំៗ របស់ចិនជាបន្តបន្ទាប់ ក្រោយពេលទៅដល់រដ្ឋធានីប៉េកាំងទើបតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នេះសបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី មិនទុកពេលវេលាចោល ហើយក្តាប់យកឱកាសមាសនេះ ទាញយកផលប្រយោជន៍ពីមិត្តចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងពិភពលោក និងជាដៃគូអភិវឌ្ឍន៍ធំជាងគេរបស់កម្ពុជា។
គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានទៅដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅសៀលថ្ងៃទី១៤ ខែកញ្ញា ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ ឯកឧត្តម ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រីការបរទេស អមដំណើរដោយ លោកជំទាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន
រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
អញ្ជើញដល់រដ្ឋធានីប៉េកាំងភ្លាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍វីរបុរសចិននៅមហាទីលានធានអានមិន។ បន្ទាប់មកសម្តេចបានជួបពិភាក្សាការងារជាមួយ លោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group។ រសៀលថ្ងៃដដែល សម្តេចជួបជាមួយ លោក វ៉ាង តុងជូ (Wang Tongzhou) ប្រធានក្រុមហ៊ុន China Road and Bridge Corporation (CRBC)។
នៅពេលល្ងាច, សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជួបជាមួយ ឯកឧត្តម វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Huaneng Group និងលោក លាំង ហ័រ (Liang Hua) ប្រធានក្រុមហ៊ុន Huawei Technology Co., Ltd ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន និងចូលពិព័រណ៍ចិន-អាស៊ាន លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា៕
អត្ថបទ៖ អក្ខរា