ទីភ្នាក់ងារបារាំង គ្រោងអនុវត្តគម្រោងជំនាញសម្រាប់សេដ្ឋកិច្ចអនាគត និងរបបធានារ៉ាប់រងសុខភាព សម្រាប់កម្មករនិយោជិតនៅកម្ពុជា

លោកស្រី សង់ឌ្រីន ប៊ូស្សេ (Sandrine BOUCHER) នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានបញ្ជាក់ពីការបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធលើការអនុវត្តគម្រោង និងសកម្មភាពពាក់ព័ន្ធនានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសផ្តោតលើវិស័យ TVET និង ប.ស.ស.។

លោកស្រីបញ្ជាក់ថា ចំពោះវិស័យ TVET មានដូចជា គម្រោងស្ដីពីការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងគម្រោងស្ដីពីជំនាញសម្រាប់ការប្រកួតប្រជែង ហើយបច្ចុប្បន្នក៏គ្រោងអនុវត្តគម្រោងថ្មីមួយទៀត គឺគម្រោងស្ដីពីជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត ដែលបានពិភាក្សាគ្នាកម្រិតបច្ចេកទេសរួចរាល់មកហើយ ហើយក៏គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខ។ ចំពោះវិស័យ ប.ស.ស. គឺគម្រោងសាកល្បងស្ដីពីរបបធានារ៉ាប់រងសុខភាព សម្រាប់កម្មករនិយោជិតនៅតាមរោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា។

លោកស្រីបានឲ្យដឹងបែបនេះ ក្នុងឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី និងឯកឧត្តម ហ្សាក ប៉ឺលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងការងារ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមលោកស្រី សង់ឌ្រីន ប៊ូស្សេ នាពេលខាងមុខ ទីភ្នាក់ងារ AFD នឹងផ្ដល់ជំនួយហិរញ្ញវត្ថុឆ្នាំ២០២៣ ស្ថិតក្រោមមូលនិធិសម្រាប់អ្នកជំនាញការបច្ចេកទេស និងការផ្លាស់ប្ដូរបទពិសោធន៍ សម្រាប់ផ្ដល់ជំនាញបច្ចេកទេសទៅលើការកសាងសមត្ថភាពមន្ត្រី និងបុគ្គលិកនៃ ប.ស.ស. ឬអ្នកជំនាញការជាដើម។ បន្ថែមពីនេះ ទីភ្នាក់ងារ AFD ក៏មានគោលដៅសម្រាប់គម្រោងទំនើបភាវូបនីយកម្មរបស់ ប.ស.ស. ផងដែរ ដែលក្នុងនោះរួមមានការអភិវឌ្ឍនិងគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (ICT) នៃ ប.ស.ស. ឱ្យស្របទៅនឹងការរីកចម្រើននៃវិស័យសន្តិសុខសង្គមក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ អក្ខរា