សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកទឹកចិត្ត និងឆ្លើយតបជាវិជ្ជមានចំពោះការគាំទ្រលើការវិនិយោគ ស្របតាម ច្បាប់វិនិយោគកម្ពុជា ហើយបានបញ្ជាក់អំពីគោលបំណងចង់ឱ្យវិនិយោគិនជប៉ុន វិនិយោគលើវិស័យសំខាន់ៗពីរ រួមមាន៖ (១) ការបង្កើតរោងចក្រ ដើម្បីកែច្នៃវត្ថុធាតុដើមដែលមានស្រាប់នៅកម្ពុជា និង(២) បច្ចេកវិទ្យា កម្រិតខ្ពស់ ដូចជារោងចក្រតម្លើងរថយន្ត គ្រឿងបង្គុំអេឡិចត្រូនិច និងថាមពលជាដើម។ នេះបើតាមការឲ្យដឹងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន៧មករា រាជធានីភ្នំពេញ។
សម្តេចតេជោ បានផ្ដល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ហើយចាត់ទុកថាជា ស្ពានឬស្សីដែលត្រូវថែរក្សាសម្រាប់ការតភ្ជាប់ ទោះបីជាយើងមានស្ពានបេតុង ដែលជាទំនាក់ទំនងការទូតល្អ រវាងរដ្ឋនិងរដ្ឋ ក៏ដោយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ភាគីមិត្តអំពីទស្សនវិស័យនៃការកសាង សន្តិសុខស្បៀងនៅតំបន់ទន្លេមេគង្គ ដើម្បីផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងគំនិតផ្តួចផ្តើមនៃការបង្កើតសមាគម បណ្តាប្រទេសនាំចេញអង្ករ ដើម្បីរក្សាស្ថិរភាពថ្លៃ និងមានការឯកភាពគ្នាក្នុងការផ្គត់ផ្គង់នៅលើទីផ្សារ។
ឯកឧត្តមប្រធានសមាគម បានជម្រាបជូនសម្តេចតេជោអំពីការត្រៀមអញ្ជើញវិនិយោគិនជប៉ុន ជាពិសេសសហគ្រាស ធុនតូចនិងមធ្យម (SMEs) មកវិនិយោគលើផ្នែកសំខាន់ៗនៅកម្ពុជា ដូចដែលឯកឧត្តមបានសន្ទនាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តមក៏បានរាយការណ៍ជូន សម្តេចតេជោ អំពីលទ្ធផលការងារដែលសមាគម សម្រេចបានកន្លងមក និងការត្រៀមរៀបចំការបាញ់កាំជ្រួច ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដោយសហការជាមួយ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ៕
អត្ថបទ៖ អក្ខរា