រាជរដ្ឋាភិបាល សម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដែលកំណត់ដោយអន្តរក្រសួងកាលពីឆ្នាំ២០១៦កន្លងទៅ។
ក្នុងសេចក្តីសម្រេចចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ អាជីករដែលប្រកបមុខរបរតូចតាចមិនចាំបាច់សុំចុះបញ្ជីធ្វើអាជីវកម្ម ដូចជា អាជីវកម្មសិល្បៈសូនរូប ទីតាំងផលិត និងលក់ចម្លាក់ ពុម្ពស៊ីម៉ងត៍ ជាងគំនូរ អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក និងសម្អាងការ (ហាង) កាត់សក់បុរស (ចាប់ពី ២កៅអី ទៅ ៤កៅអី) សម្អាងការ ( តម្លៃចាប់ពី ៥០០ដុល្លារអាម៉េរិក ដល់ក្រោម ១,០០០ដុល្លារអាមេរិក) អាជីវកម្មលក់សម្ភារកីឡា រួមទាំងការធ្វើសុពលភាពឡើងវិញ។ វិស័យទេសចរណ៍ដូចជា ភោជនីយដ្ឋាន អាហារដ្ឋានក្នុងស្រុក តូបលក់អាហារ ហាងលក់គុយទាវ កាហ្វ ម៉ូតូឌុប ម៉ូតូជួល រ៉ឺម៉កទេសចរណ៍ សិប្បកម្មផលិតជើងតាង ពាង លូ ឥដ្ឋការ៉ូធ្វើទៀន និងធូប។
ចំណែកវិស័យថាមពល ក៏លើកលែងចំពោះអាជីវកម្មដំឡើងម៉ាស៊ីនអគ្គិសនី សម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី ២៥គីឡូវ៉ាត់ សេវាកម្មជួសជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក លាងរថយន្ត ម៉ូតូ លាងម៉ូតូ។ សេវាកម្មពាណិជ្ជកម្ម និងអាជីវកម្មលក់ដុំ រាយ សម្ភារកសិកម្ម។
គួរជម្រាបថា កន្លងទៅ ការចុះបញ្ជីអាជីវកម្មត្រូវបានម្ចាស់អាជីវកម្ម សហគ្រាស មើលឃើញថា ជានីតិវិធីមួយដែលស៊ាំញាំ និងមិនចាំបាច់សម្រាប់អាជីវកម្មរបស់ខ្លួន ដោយផ្អែកលើគោលគំនិតថាអាជីវកម្មរបស់ខ្លួនមានលក្ខណៈជាអាជីវកម្មគ្រួសារ និងមានទំហំតូចជាដើម។
ថ្មីៗនេះមានការផ្សព្វផ្សាយពត៌មានមួយចំនួន ពាក់ពន្ធ័នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោម ប្រជាពលរដ្ឋ ដែលបាននិងកំពុងប្រកបអាជីវកម្ម មុខរបរ និងការងារ តូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជ្រាបពីបញ្ហានេះ និងក្រោយពីបានពិភាក្សាជាមួយ ឯឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្តេចធិបតីបានចេញសេចក្តីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដូចមានចែងនៅក្នុងសេចក្តីសម្រេចនេះ៕
អត្ថបទ៖ អក្ខរា