អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងអំពី «ការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១២ ខែកញ្ញា នៅសាលប្រជុំរបស់សាលាខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីស្ថាប័នអនុវត្តច្បាប់ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ ផលិតករ និងអាជីវករ ដែលកំពុងធ្វើធុរកិច្ចស្រាស ស្រាថ្នាំនៅក្នុងខេត្តប្រមាណ ២៨០នាក់ ដើម្បីពង្រឹងការលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ (PS1) ព្រមទាំងដោយមានការដាក់ចេញផែនការសកម្មភាព និងការចង្អុលបង្ហាញពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងការពង្រឹងសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារសិទ្ធិរបស់អ្នកប្រើប្រាស់។
គួរបញ្ជាក់ថា កន្លងមកករណីពុលស្រាស និងស្រាថ្នាំ បានកើតឡើងជាបន្តបន្ទាប់ នៅតាមបណ្តាខេត្ត ជាពិសេសតំបន់ជនបទ។ អគ្គនាយកដ្ឋានក.ប.ប ធ្លាប់បានធ្វើយុទ្ធនាការចុះអប់រំ ផ្សព្វផ្សាយការយល់ដឹង និងយកសំណាកគំរូស្រាស និងស្រាថ្នាំ ឲ្យបានគ្រប់រាជធានី ខេត្ត ពិសេសតំបន់ដាច់ស្រយាល មកវិភាគរកសារធាតុបង្កគ្រោះ ដើម្បីទប់ស្កាត់ករណីពុលស្រា មិនឲ្យកើតឡើងបន្តទៀត។
ដំបូងឡើយ ស្រាសត្រូវបានផលិតចេញពីអង្ករ ហើយវាគឺជាគ្រឿងស្រវឹងដ៏ល្អមួយដែលយើងអាចទទួលទានជារៀងរាល់ថ្ងៃបាន។ បើសិនបន្ថែមនូវថ្នាំបុរាណ និងរក្សាក្នុងរយៈពេលយូរ នោះវានឹងមានរសជាតិកាន់តែឆ្ងាញ់។ ជាអកុសល បច្ចុប្បន្ន អ្នកលក់ក្នុងអាជីវកម្មនេះបានបន្ថែមសារធាតុគ្រោះថ្នាក់ ដូចជាសាធាតុគីមី សារធាតុមេតាណុល ដែលបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស៕
អត្ថបទ៖ អក្ខរា