ម្ចាស់ពាន « The Voice Cambodia » រដូវកាលទី ១  ប៊ុត សីហានៅតែចៀសមិនផុតពីគ្រឿងញៀន រហូតត្រូវនគរបាលឃាត់ខ្លួន

តាំងពីជាប់ឈ្មោះជាម្ចាស់ជ័យលោភីលេខ ១ ក្នុងការប្រកួតចម្រៀង «The Voice Cambodia » រដូវកាលទី ១  លោក ប៊ុត សីហា មានបញ្ហាជាប់ខ្លួនរហូត ជាពិសេសគឺបញ្ហាគ្រឿងញៀនតែម្តង ហើយចុងក្រោយនេះលោកនៅតែចៀសមិនផុសពីគ្រឿងញៀនដដែល រហូតត្រូវបានកម្លាំងនគរបាលស្រុក គងពិសី ឃាត់ខ្លួនជាមួយ និងគ្រឿងញៀនមួយចំនួនជាមួយបក្ខពួកម្នាក់ទៀតកាលពីរសៀលថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៣ម្សិលមិញនេះ ។

ប៊ុត សីហា ជាតារាចម្រៀងមួយរូបដ៏មានទេពកោលស្យម្នាក់ ប៉ុន្តែចាប់តាំងពីជាប់ឈ្មោះជាម្ចាស់ជ័យលោភីលេខ ១ ក្នុងការប្រកួត « The Voice Cambodia » លោកបានជួបនូវរឿងរ៉ាវជាច្រើន រហូតត្រូវបាត់បង់ការងារជាបន្តបន្ទាប់ បើទោះបីជាមានម្ចាស់ក្រុមហ៊ុនជាច្រើនបានផ្តល់ឱកាសឱ្យលោកក្នុងការកែខ្លួនជាច្រើនលើកច្រើនសារ ដើម្បីសាងកេរ្តិ៍ឈ្មោះឱ្យក្លាយទៅជាតារាចម្រៀងល្អឡើងវិញក្តី លោកនៅតែមិនអាចធ្វើបាន រហូតធ្វើឱ្យម្ចាស់ក្រុមហ៊ុនជាច្រើនអស់ទំនុកចិត្ត ហើយក៏គ្មាននរណាហ៊ានហៅលោកធ្វើការងារដែរ ។

កន្លងមក ប៊ុត សីហា ធ្លាប់បានជាប់ពាក់ពន្ធនិងករណីប្រើប្រាស់គ្រឿងញៀនម្តងរួចមកហើយ ហើយមានមិត្តសិល្បករជាច្រើនបានណែនាំ តម្រង់ផ្លូវឱ្យលោកដើរមកផ្លូវល្អវិញ ប៉ុន្តែលោកលោកនៅតែមិនរាងចាល រហូតថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៣ កាលពីម្សិលមិញនេះ ប៊ុត សីហា ត្រូវនគរបាលស្រុក គង់ពិសី ឃាត់ខ្លួនជាមួយនិងគ្រឿងញៀនមួយចំនួន ។

គួរបញ្ជាក់ផងដែរថា មន្រ្តីនគរបាលស្រុក គងពិសី បានចុះបង្រ្កាបមុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ដែលមាន ប៊ុត សីហា អាយុ ២៩ ឆ្នាំ ត្រូវបានគេស្គាល់ថា ជាម្ចាស់ពាន « The Voice Cambodia » រដូវកាលទី ១ ។ ចំណែកម្នាក់ទៀតឈ្មោះ ឆន វល្លិន អាយុ ៣៨ មិនមានមុខរបរច្បាស់លាស់ រស់នៅស្រុក គងពិសី  ពាក់ពន្ធនិងគ្រឿងញឿន ចំនួន ០៥ កញ្ចប់ រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ មន្រ្តីនគរបាល ស្រុក គងពិសី កំពុងកសាងសំណុំរឿង និងចាត់ការបន្តទៅតាមច្បាប់ ។

បន្ទាប់ពីឃើញ ប៊ុត សីហា ជាបពាក់ពន្ធនិងករណីគ្រឿងញៀននេះ បានធ្វើឱ្យមិត្តសិល្បករជាច្រើនសម្តែងការសោកស្តាយ ពីព្រោះ ប៊ុត សីហា ជាតារាចម្រៀងម្នាក់ដ៏មានទេពកោសល្យ មិនគួរណាចៀសមិនផុតពីករណីគ្រឿងញៀននេះទេ ៕