ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” របស់លោក ឯម សុខសុវណ្ណ ជាតំណាងស្ថាបនិកគណបក្ស ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ក្នុងលិខិតក្រសួងបានបញ្ជាក់ថា ទន្ទឹមនេះ តំណាងស្ថាបនិកគណបក្ស ក៏មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង ៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្សនយោបាយនេះឡើយ។
តើតំណាងស្ថាបនិកបក្សនេះ ជានរណា? លោក ឯម សុខសុវណ្ណ ជាគ្រូបង្រៀននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ក្នុងក្រុងបាវិតខេត្តស្វាយរៀង ផ្នែកគណិតវិទ្យា។ លោកបានលាឈប់ពីតួនាទីជាគ្រូបង្រៀន កាលពីឆ្នាំ២០១៩ ក្រោយបម្រើការងារអស់រយៈពេល ៨ឆ្នាំ។
លោក សុខសុវណ្ណ ត្រូវបានគេដឹថា ជាអ្នកសកម្មក្នុងឆាកនយោបាយអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង ក្នុងតួនាទីជាអនុប្រធានចលនាយុវជន។ ក្រោយមកលោកបានប្រកាសចូលរួមជាមួយបក្សយុវជនកម្ពុជា
កាលពីកុម្ភៈ ឆ្នាំ២០២១ ដោយទទួលបានមុខងារជាប្រធាននាយកដ្ឋានកិច្ចការនយោបាយនៅក្នុងគណបក្សយុវជន។
២ឆ្នាំក្រោយ ពោលគឺនៅខែកម្ភៈ ឆ្នាំ២០២៣ ក្នុងជីវភាពនយោបាយជាមួយបក្សយុវជនកម្ពុជា លោកត្រូវបានតែងតាំងជាអគ្គលេខាធិការថ្មីរបស់គណបក្ស និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលស្វាយរៀង។ មិនយូរប៉ុន្មាន គឺនៅខែសីហាកន្លងទៅនេះ លោក ឯម សុខសុវណ្ណ បានលាឈប់ពីបក្សយុវជនដោយគ្មានមូលហេតុ។
ទើបតែខែកញ្ញានេះ ឈ្មោះរបស់ត្រូវបានលេចឡើងនៅលើលិខិតរបស់ក្រសួងមហាផ្ទៃ ក្នុងតួនាទីជាតំណាងស្ថាបនិកគណបក្សអាយ៉ងខ្មែរ ដែលត្រូវបានក្រសួងបដិសេដ៕
អត្ថបទ៖ អក្ខរា