អាជ្ញាធរជាតិអប្សរា ចេញសេចក្តីប្រកាសព័ត៌មាន ៣ចំណុច ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលមានខ្លឹមសារថា “អង្គការលើកលែងទោសអន្តរជាតិ ស្នើគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិនិត្យមើលការបណ្តេញចេញដោយបង្ខំនៅតំបន់អង្គរ”។
១. ក្នុងពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានទទួលនូវសំណើសុំកិច្ចសម្ភាសន៍តាម Zoom ពីអង្គ ការលើកលែងទោសអន្តរជាតិ (Amnesty International) ស្តីពីការបម្លាស់ទីលំនៅរបស់ប្រជា ពលរដ្ឋទៅកាន់តំបន់ធម្មជាតិរុនតាឯក។ ទទួលបានសំណើនេះ អាជ្ញាធរជាតិអប្សរា ក៏បានស្នើ សូមឱ្យអង្គការលើកលែងទោសអន្តរជាតិ (Amnesty Intemational) ឬអ្នកតំណាង អញ្ជើញមកជួប ពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរានៅទីតាំងផ្ទាល់នៅតំបន់អង្គរ និងតំបន់ធម្មជាតិរុនតាឯកតែម្តង ប្រសើរជាងការទទួលបានព័ត៌មានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីស្ថានភាពជាក់ស្ដែង។ ជាការ
គួរឱ្យសោកស្ដាយដោយសំណើរបស់អាជ្ញាធរជាតិអប្សរា ពុំទទួលបានការយល់ព្រមពីអង្គការ លើកលែងទោសអន្តរជាតិ(Amnesty International) នោះឡើយ។
២. ប្រធានបទនៃការបម្លាស់ទីប្រជាពលរដ្ឋនេះត្រូវបានសិក្សា ពិភាក្សាក្នុងកិច្ចប្រជុំ ICC-Angkor នាខែធ្នូ ឆ្នាំ២០២២ និង ខែមិថុនា ឆ្នាំ២០២៣ ព្រមទាំងផ្ញើរបាយការណ៍ទៅមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោកជារៀងរាល់ពេល។ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនថា សេចក្តី សម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហា សំណង់ខុសច្បាប់ និងបញ្ហាដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុវត្តដោយឈរលើមូល ដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលក្នុងនោះតម្រូវឱ្យអាជ្ញាធរជាតិ អប្សរា ជាសេនាធិការ មានកាតព្វកិច្ចគ្រប់គ្រង និងទប់ស្កាត់ការចូលកាន់កាប់ដោយខុសច្បាប់ សំដៅរក្សាឱ្យបាននូវតម្លៃលេចធ្លោជាសកលនៃតំបន់រមណីយដ្ឋានអង្គរ ល័ក្ខខ័ណ្ឌជាសារវន្ត នៃការបញ្ចូលតំបន់អង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាឆ្នាំ១៩៩២។ ក្នុងន័យនេះ ដីធ្លី នានាក្នុងតំបន់១និង២ ជាតំបន់ការពារកម្រិតខ្ពស់នៃរមណីយដ្ឋានអង្គរ ហើយទីតាំងនេះជា សម្បត្តិសាធារណៈរបស់រដ្ឋ ការរីករាលដាលនៃសំណង់ពុំស្របច្បាប់ក្នុងតំបន់ទាំងពីរនេះ បាន ស្ថិតក្នុងកម្រិតមួយដែលអាចប៉ះពាល់ដល់តម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋាន។ ការផ្លាស់ប្តូរទីតាំងប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានពុំស្របច្បាប់ត្រូវបានសិក្សា និងដាក់ចេញនូវវិធានការ គាំទ្រដោយរាជរដ្ឋាភិបាលតាំងពីអាណត្តិទី៦ និងជាបន្តរហូតដល់បច្ចុប្បន្ន ដើម្បីអនុញ្ញាតឱ្យ បងប្អូនទាំងនោះអាចមានទីលំនៅស្របច្បាប់ មានប័ណ្ណកម្មសិទ្ធិច្បាស់លាស់ និងការគាំពារ សង្គមរយៈពេល ១០ឆ្នាំ នៅលើទីតាំងតំបន់អភិវឌ្ឍន៍ប្រកបដោយផាសុកភាព និងសុខុមាលភាព អមដោយហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ដូចជា ផ្លូវ អគ្គិសនី ទឹកស្អាត ប្រព័ន្ធទូរគមនាគមន៍ សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារ៉ាម និងមណ្ឌលសេវាសាធារណៈរបស់ស្រុក (ស្រុកបន្ទាយស្រី)។
៣. អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណមតិមេត្តាជ្រាបថា ការថែរក្សាការពារ រមណីយ ដ្ឋានអង្គរ ពុំមានត្រឹមតែប្រាសាទបុរាណនោះឡើយ ប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុកដើម បរិស្ថាន ខ្សែទឹកក្រោមដី សំណល់បុរាណវិទ្យាធំៗ ដែលពុំទាន់បានរុករកនៅឡើយ គឺជាភារកិច្ច របស់អង្គភាពជំនាញអាជ្ញាធរជាតិអប្សរា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា និងក៏ជាកាតព្វកិច្ច របស់កូនខ្មែរគ្រប់ៗរូប ដែលត្រូវរួមគ្នាថែរក្សាតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋាននេះទុកជា កេរមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយ ជាយូរលង់តទៅ៕