ពិធីការិនី និងតារាសម្តែង ណាតាហ្សា បានប្រកាសវិលត្រឡប់មកវិស័យសិល្បៈឡើងវិញហើយ ក្រោយបាត់មុខពីវិស័យនេះអស់ពេលជាច្រើនឆ្នាំ ដោយការវិលត្រឡប់របស់នាងលើកនេះ នាងត្រៀមរៀបចំកម្មវិធីខួបកំណើតជាមួយបងប្អូនស្រីរបស់ខ្លួនយ៉ាងធំដុំនៅបំណាច់ខែនេះ ដើម្បីជាការស្វាគមន៍ក្នុងការវិលត្រឡប់មកកាន់វិស័យចាស់របស់ខ្លួនវិញ ។
ណាតាហ្សា ធ្លាប់ជាពិធីការីនី និង ជាតារាសម្តែង ល្បីឈ្មោះមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែចាប់តាំងពីប្រកាសមានសង្សារនាងមិនសូវទទួលថតដូចមុនទេ រហូតធ្វើឱ្យទស្សនិកជនជាច្រើនគិតថា តារាស្រីរូបនេះ បានរៀបការមានគ្រួសារ ហើយបោះបង់អាជីពសិល្បៈចោលទៅហើយ ។ ទោះជាយ៉ាងនេះក្តីជួបជាមួយ ណាតាហ្សា កាលពីពេលថ្មីៗនេះ នាងស្រាប់តែបង្ហើបប្រាប់ពីគម្រោងនៃការវិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈឡើងវិញ ក្រោយពីនាងបានផ្អាកក្នុងវិស័យនេះអស់ពេលជាច្រើនឆ្នាំ ។
ជាមួយនឹងការវិលត្រឡប់នេះ ណាតាហ្សា មានគម្រោងនឹងរៀបចំពិធីខួបកំណើតយ៉ាងធំដុំនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ នៅភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងភ្នំពេញ នាងត្រៀមអញ្ជើញមិត្តសិល្បៈចូលរួមប្រមាណជាង ៣០០នាក់ ។
តាសម្តែង ណាតាហ្សា បានប្រាប់ថា នាងខកខានក្នុងការរៀបចំពិធីខួបកំណើតដែលមានលក្ខណៈធំដុំបែបនេះ ៩ ឆ្នាំមកហើយ ទើបឆ្នាំនេះនាងនិងប្អូនស្រី បានណាត់គ្នាធ្វើខួបកំណើតរួមគ្នាតែម្តង នាង សង្ឃឹមថា ការរៀបចំពិធីខួបកំណើតរបស់ខ្លួន នឹងធ្វើឱ្យនាងមានមុខមាត់ក្នុងសិល្បៈឡើងវិញ ។
ណាតាហ្សា ក៏បានប្រកាសផងដែរថា ទំនាក់ទំនងស្នេហារបស់នាងនិងកីឡីករបាល់ទាត់បរទេសមួយរូបដែលនាងបានស្រឡាញ់គ្នាជាច្រើនឆ្នាំនោះ បានបែកបាក់គ្នាជាយូរមកហើយ ហើយនាងក៏មិនមានអារម្មណ៍ឈឺចាប់ដូចមុនដែរ ដោយនាងបានបង្ហើបប្រាប់ថា នៅម្នាក់ឯងសប្បាយចិត្ត ហើយថែមទាំងមានសេរីភាព នាងលែងចង់មានស្នេហាទៀតហើយ ។ អ្វីដែលសំខាន់សម្រាប់នាងក្នុងពេលនេះ គឺខំប្រឹងរកលុយទាំងក្នុងអាជីពសិល្បៈ និងពង្រឹងការងាររកស៊ីរបស់ខ្លួនឱ្យខ្លាំងក្លាឡើង ៕