ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់កសិដ្ឋានផលិតស្រូវពូជ ត្រូវយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូបនិងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិងការប្រើប្រាស់។
ទន្ទឹមនេះ សហគមន៍កសិកម្ម ត្រូវធ្វើការផ្សព្វផ្សាយចលនាពូជសុទ្ធ និងជំរុញការប្រើប្រាស់ពូជសុទ្ធឱ្យកាន់តែធំទូលាយ ទាំងអ្នកប្រើស្រូវចំណី ដើម្បីពង្រីកឱ្យធំ ព្រោះមានទីផ្សារពូជស្រូវល្អ និងតម្លៃល្អ។
ការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី បន្ទាប់ពីបានចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវ និងសហគមន៍កសិកម្ម ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីជំរុញការផលិត និងប្រើប្រាស់ពូជស្រូវសុទ្ធ។
ឯកឧត្តមបានបន្តថា ជាយន្តការ គឺចាំបាច់ត្រូវមានការចូលរួម ការសហការគ្នាល្អ ការកសាងបណ្តាញពូជស្រូវសុទ្ធ ពិសេសពូជស្រូវសែនក្រអូបនិងផ្ការំដួល ដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ និងមានខ្សែច្រវាក់ទីផ្សារល្អ។ លើសពីនេះទៀត ត្រូវកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងត្រូវអនុវត្តផលិតកម្មតាមផែនការនិងកិច្ចសន្យា ដើម្បីធានានូវស្ថិរភាពនៃការផ្គត់ផ្គង់ និងតម្លៃល្អ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ការជ្រើសរើសពូជស្រូវសុទ្ធ សែនក្រអូបនិងផ្ការំដួល គឺជួយដល់អ្នកផលិតពូជសុទ្ធ និងបង្កើនផលចំណេញសម្រាប់ទាំងអស់គ្នា។ ក្រសួងនឹងជួយជំរុញឱ្យមានការសហការ សម្របសម្រួលជាមួយអាជ្ញាធរ និងរោងម៉ាស៊ីនកិនស្រូវអំពីទីផ្សារ និងតម្លៃ៕
អត្ថបទ៖ អក្ខរា