ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ចំណោតលោកយាយម៉ៅ ដែលបាក់ស្រុតដោយសារជំនន់ទឹកភ្លៀងហូរច្រោះស្ថិតនៅលេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគ.ម ២២៤+០០៨ ក្នុងខេត្តព្រះសីហនុ បច្ចុប្បន្ននេះត្រូវបានក្រុមការងារជំនាញ ចុះដោះស្រាយទប់ស្កាត់ចៀសវាងការបន្តស្រុត ដេីម្បីធានាឱ្យការធ្វេីចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋអាចប្រព្រឹត្តទៅបានដោយរលូននិងមានសុវត្ថិភាព។
សកម្មភាពចុះអន្តរាគមន៍ដោះស្រាយនេះត្រូវបានធ្វេីឡេីងនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។ ក្រសួងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕