ស្របពេលដែលកញ្ញា ប៊ឺ សុធារី ដែលជាអតីត បវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំ ២០១៧ ជាអ្នកបំពាក់មកុដដល់ កញ្ញា ចន សុទីម៉ា ដែលជាម្ចាស់មកុដ Miss Universe Cambodia 2023 បានមហាជនមានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីបានជាការប្រកួតបវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំនេះ បែរជាកញ្ញា ប៊ឺ សុធារី ជាអ្នកបំពាក់មកុដ ដល់កញ្ញា ចន សុទីម៉ា ទៅវិញ ? ចំណែកកញ្ញា ហង្ស ម៉ានីតា ដែលជាម្ចាស់មកុដបវរកញ្ញាចក្រវាឡ ២០២២ បែរជាបាត់ស្រមោលសូន្យឈឹងបែបនេះ ?
មកទល់ពេលនេះនៅពុំទាន់មានភាគីខាងណាចេញមុខមកបកស្រាយចំពោះរឿងនេះនៅឡើយទេ ។ ប៉ុន្តែសម្រាប់ប្រភពព័ត៌មានពីអ្នកស្និទ្ធជាមួយអ្នករៀបចំកម្មវិធីបានលួចខ្សិបប្រាប់ថា ការប្រកួត Miss Universe Cambodia 2023 ឆ្នាំនេះ មានរឿងចម្រុងចម្រាស់ជាច្រើន ទាំងអ្នករៀបចំកម្មវិធីចាស់ និងអ្នករៀបចំកម្មវិធីថ្មី ដូច្នេះហើយទើបម្ចាស់កម្មវិធីថ្មីសម្រេចយកកញ្ញា ប៊ឺ សុធារី ដែលជាអតីតបវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ ២០១៧ យកមកបំពាក់មកុដ ដល់កញ្ញា ចន សុទីម៉ា ដែលជាម្ចាស់មកុដ Miss Universe Cambodia 2023 ។
ចំពោះ កញ្ញា ប៊ឺ សុធារី សុំមិននិយាយអ្វីទាំងអស់ នាងបានត្រឹមតែឆ្លើយតបយ៉ាងខ្លីថា នាងមិនខ្វល់អ្វីទាំងអស់ អ្វីដែលសំខាន់ នាងធ្វើតាមការជ្រើសរើសរបស់អ្នករៀបចំកម្មវិធី ។
ក្រឡេកមកមើលកញ្ញា ហង្ស ម៉ានីតា ដែលជាម្ចាស់មកុដ Miss Universe Cambodia 2022 វិញបានបាត់មុខឈឹងពីកម្មវិធីប្រកួត Miss Universe Cambodia 2023 ដោយនាងមិនខ្វល់ពីអ្វីទាំងអស់ ។ ប៉ុន្តែសម្រាប់មិត្តភក្តិស្និទ្ធស្នាលជាមួយកញ្ញា ហង្ស ម៉ានីតា បានបង្ហើបប្រាប់ថា កញ្ញា ហង្ស ម៉ានីតា មានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេ ដែលនាងមិនបានចូលរួមកម្មវិធីឆ្នាំនេះ បើតាមគោលការនាងជាអ្នកផ្ទេរមកុដទៅដល់បវរកញ្ញាចក្រវាឡ ក្នុងឆ្នាំថ្មីនេះ ។
គួររំលឹកផងដែរថា បវរកញ្ញាចក្រវាឡ កម្ពុជា នាពេលកន្លងមករួមមាន កញ្ញា ប៊ឺ សុធារី , រឿន ណាត , សំណាង អេលីណា , រ៉េត សារីតា , ងិន ម៉ារឌី និងកញ្ញា ហង្ស ម៉ានីតា ជាដើម…។ ប៉ុន្តែក្នុងចំណោមអតីតបវរកញ្ញាទាំងអស់ មានតែកញ្ញា រឿន ណាត ប៉ុណ្ណោះដែលមានឈ្មោះល្បីល្បាញ និងមានសន្ទុះកាងារក្នុងសិល្បៈខ្លាំងក្លាជាងគេ …៕