សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា នាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រុងតាខ្មៅ។
ការជួបពិភាក្សាការងារតាមទូរស័ព្ទនេះ ស្របពេលដែលចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការជួបពិភាក្សាការងារ ជាញឹកញាប់ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ឯកឧត្តម ប្រធានាធិបតី ក៏បានគូសបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយផ្អែកលើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និង អំពីការបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា។ ទន្ទឹមគ្នានេះ, ឯកឧត្តម ប្រធានាធិបតី ក៏បានរំឭកនូវអនុស្សាវរីយ៍ល្អៗ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ នៅសាធារណរដ្ឋគុយបា កាលពីខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានចាត់ទុកថាជាឆ្នាំដ៏សំខាន់នៃការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចស្តែងឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យជាច្រើន ដូចជា កសិកម្ម, សុខាភិបាល, អប់រំ និងកីឡា ជាដើម។
ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចធិបតី បានអះអាងអំពីស្មារតីនៃការបន្ត និងពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។ ក្នុងន័យនេះ, សម្តេចធិបតី បានគាំទ្រ និងជំរុញឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕