“មិនមែនយើងជំរុញពលរដ្ឋឲ្យទៅធ្វើខ្ញុំគេគេទេ យើងបង្កើនការងារដើម្បីពលរដ្ឋយើងមានជម្រើស យើងខិតខំបង្កើតផ្ទៃក្នុង ដើម្បីឲ្យពលរដ្ឋយើងមានឱកាស តែយើងក៏មិនហាមឃាត់ឲ្យបងប្អូនយើងទៅក្រៅប្រទេសដែរ”។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជិត ២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅលើលោកនេះ មិនមានប្រទេសណារាំងខ្ទប់ពលរដ្ឋ មិនឱ្យចេញទៅធ្វើការនៅក្រៅប្រទេសនោះឡើយ។ សម្តេចនាយករដ្ឋមន្ត្រីបានទទួលស្គាល់ថា កម្ពុជាទទួលស្គាល់ថា យើងមានពលករធ្វើការនៅក្រៅប្រទេសដូចជា ថៃ ម៉ាឡេស៊ី កូរ៉េ និងជប៉ុន ប៉ុន្តែយើងនៅតែខិតខំពង្រីកទាក់ទាញការវិនិយោគ ដើម្បីបង្កើតឱកាសការងារនៅក្នុងប្រទេស លើកកម្ពស់ប្រាក់បៀវត្សរ៍ឲ្យកាន់តែប្រសើរ។
បើតាមសម្តេចធិបតី ពលករខ្មែរធ្វើការនៅប្រទេសថៃច្រើនជាងគេ បន្ទាប់មកកូរ៉េជាង ៥ម៉ឺននាក់ និងជប៉ុនជាង ២ម៉ឺននាក់។ ប៉ុន្តែពលករថៃទៅធ្វើការនៅក្រៅប្រទេសដូចជាកូរ៉េ និងជប៉ុនច្រើនជាងកម្ពុជាយើង ៤ដង ខណៈពលករជប៉ុនទៅធ្វើការនៅអាមេរិកជិត ៤២ម៉ឺននាក់ និងពលករទៅធ្វើការនៅអាមេរិកជាង ១លាននាក់។
របាយការណ៍ពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ទន្ទឹមនឹងការខិតខំបង្កើតឱកាសការងារក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ជម្រើសឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋផងដែរ។ គិតត្រឹមខែសីហា ឆ្នាំ២០២៣ មានពលករខ្មែរប្រមាណ ១,៣លាននាក់ កំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស។ ក្នុងនោះថៃមានចំនួន ១,២លាននាក់ កូរ៉េប្រមាណ ៥ម៉ឺននាក់ ម៉ាឡេងស៊ីជាង ២ម៉ឺននាក់ និងជប៉ុនប្រមាណ ២ម៉ឺននាក់៕
អត្ថបទ៖ អក្ខរា