នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្ដេចសុខចិត្តទទួលពាក្យគេថា សម្ដេចដើរទៅក្រៅប្រទេសដើម្បីស្មុំគេ តែសម្តេចធ្វើមិចឲ្យតែបានផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ។ សម្តេចធិបតិបានថ្លែងបែបនេះ ក្នុងជំនួបជាមួយនឹងកម្មករជិតជិត ២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អ្នកខ្លះថាសម្តេចតេជោចេញទៅក្រៅដើម្បីស្មុំគេ ឥលូវគេថាដល់វេនខ្ញុំចេញទៅក្រៅដើម្បីស្មុំគេ យើងសុំចរចា មិនមែនទៅលុតជង្គង់សុំគេទេ គឺចរចាអង្គុយកន្លែងស្មើគ្នា នូវលក្ខខណ្ឌការវិនិយោគ ការបើកទីផ្សារ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋយើង។
សម្តេចធិបតីនាយករដ្ឋមន្ត្រីថា នេះមិនមែនជារឿងដែលសម្ដេចត្រូវខ្មាស់អៀននោះទេ យើងសុខចិត្តទទួលពាក្យគេថា ស្មុំក៏ស្មុំចុះ សុខចិត្តគេថាសម្តេចសុំអង្វរគេក៏ថាចុះ ប៉ុន្តែធ្វើមិចឲ្យប្រជាពលរដ្ឋបានផល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី គឺសម្តេចត្រូវគិតគូរចំពោះផលប្រយោជន៍របស់ប្រជាជន ហើយសម្តេចប្តេជ្ញាចិត្តដឹកនាំរដ្ឋាភិបាលអាណត្តិនេះ ឲ្យកាន់តែល្អប្រសើរថែមទៀត៕
អត្ថបទ៖ អក្ខរា