សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដំណើរទៅកាន់ឥណ្ឌូនេស៊ី ទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ចបានច្រើនណាស់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការអញ្ជើញទៅប្រជុំនៅឥណ្ឌូនេស៊ី មិនមែនទៅដើម្បីសម្ញែងនោះទេ គឺជាបេសកកម្មដើម្បីផលប្រយោជន៍ជាតិ។ សម្តេចបានបញ្ជាក់ថា ដំណើរទៅកាន់ឥណ្ឌូនេស៊ី សម្តេចទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ចបានច្រើនណាស់ រួមមានការលើកអង្ករឱ្យឥណ្ឌូនេស៊ី បាន ២៥ម៉ឺនតោនក្នុងមួយឆ្នាំ បើកការហោះហើរជាមួយឥណ្ឌូនេស៊ី ហ្វីលីពិន និងការសាងសង់បណ្តាញបញ្ជូនថាមពលទៅសិង្ហបុរី។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជិត ២​ម៉ឺន​នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្តេចក៏បានជជែកជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បី​បើកទីផ្សារពាណិជ្ជកម្ម ក្នុងនោះហ្វីលីពិន គ្រោងទិញអង្ករពីកម្ពុជាផងដែរ។ ក្រៅពីនេះក្នុងជំនួបជាមួយប្រធា​នាធិបតីកូរ៉េខាងត្បូង សម្តេចបានស្នើឱ្យកូរ៉េបង្កើនកូតាការងារសម្រាប់ពលករកម្ពុជា។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែតការចូលរួមជាមួយប្រទេសនានាទប់ស្កាត់សង្គ្រាម រក្សាសន្តិសុខ គឺមានសារៈ​សំខាន់​ដល់កម្ពុជា បើតំបន់មានសង្គ្រាម កម្ពុជាក៏រងគ្រោះរងផលប៉ះពាល់ផងដែរ។ សម្តេចបានគូសបញ្ជាក់ថា សមិទ្ធផលជោគជ័យនៃបេសកកម្មការងាររបស់ម្តេចនៅឥណ្ឌូនេស៊ី គឺជាសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល មិនមែនជាសមិទ្ធផលផ្ទាល់ខ្លួនរបស់សម្តេចនោះឡើយ៕

អត្ថបទ៖ អក្ខរា