សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន ពីព្រោះសម្តេច ជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេ ប៉ុន្តែបានបង្ហាញនូវទេពកោសល្យការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោ ជាពិសេសក្នុងកិច្ចសន្ទនាជាអន្តរជាតិកម្រិតខ្ពស់ជាមួយមេដឹកនាំក្នុងតំបន់ និង មហាអំណាចលើពិភពលោក ដូចដែលកម្ពុជាធ្លាប់បានធ្វើ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ នេះបើតាមការលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
សេចក្ដីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃបេសកកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ នៃបេសកកម្មនេះ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចំនួន១៣កិច្ចប្រជុំ អញ្ជើញថ្លែងសុន្ទរកថាចំនួន១២លើក និងអញ្ជើញ ជួបពិភាក្សាទ្វេភាគី ត្រីភាគី និងជំនួបក្រៅផ្លូវការជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូល នៃស្ថាប័ន តំបន់ និងអន្តរជាតិជាច្រើនទៀត។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ក្នុងដំណើរបំពេញបេសកកម្មក្រៅប្រទេសជាលើកដំបូងនេះ សម្ដេចមហាបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា សម្រេចបានជោគជ័យយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ៕
អត្ថបទ៖ អក្ខរា