វង្ស ថាណាន់ ត្រៀមផ្លាស់ប្តូររសជាតិថ្មី ពីតារាចម្រៀងស្រគត់ស្រគំទៅជាតារាចម្រៀង រ៉េប នៅក្នុងផលិតកម្ម Galaxy Navatra

ទស្សនិកជនធ្លាប់តែឃើញលោក វង្ស ថាណាន់ ដែលជាតារាចម្រៀងប្រចាំនៅក្នុងផលិកតម្ម Galaxy Navatra ច្រៀងចម្រៀងមនោរសញ្ចេតនា ខកចិត្ត បំពេរអារម្មណ៍មហាជន ប៉ុន្តែពេលនេះលោកវង្ស ថាណាន់ បានប្រកាសថា នឹងផ្លាស់ប្តូររសជាតិថ្មីមួយពីតារាចម្រៀងស្រគត់ស្រគំទៅជាតារាចម្រៀង រ៉េប វិញម្តង ។ 

ដូចទស្សនិកជនដឹងស្រាប់ហើយថា តារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra មានទាំងតារាចម្រៀងថ្មី និង តារាចម្រៀងជើង ម្នាក់ៗសុទ្ធតែមានទេពកោសល្យល្អរៀងៗខ្លួន ក្នុងនោះសម្រាប់តារាចម្រងៀវ័យក្មេងដែលមានជំនាញខាងចម្រៀង រ៉េប ក៏មានច្រើនផងដែរ ដែលពួកគេពូកែនៅក្នុងការធ្វើបទចម្រៀង រ៉េប ខ្លាំងណាស់ ។ 

ដោយឡែកសម្រាប់លោក វង្ស ថាណាន់ ទោះបីមិនធ្លាប់ឆ្លងកាត់ការច្រៀងចម្រៀង រ៉េប ប៉ុន្តែលោកនៅតែចិញ្ចឹមចិត្ត ហើយចង់ផ្លាស់ប្តូរខ្លួនឯងទៅជាតារាចម្រៀង រ៉េប ដូចជាមិត្តរួមអាជីពផងដែរ ជាក់ស្តែងជួបជាមួយលោក វង្ស ថាណាន់ កាលពីពេលថ្មីៗនេះ លោកបានបញ្ជាក់ប្រាប់ថា ក្រោយពីធ្វើបទចម្រៀងសម្រាប់អបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ លោកត្រៀមនឹងផ្លាស់ប្តូររសជាតិថ្មីសម្រាប់ខ្លួនឯង ដោយងាកមកច្រៀងចម្រៀង រ៉េប វិញម្តង ប៉ុន្តែលទ្ធផលយ៉ាងណាទុកឱ្យទស្សនិកជនជាច្រើនវិនិឆ្ឆ័យ។

រងចាំមើលថា តើលោក វង្ស ថាណាន់  នឹងផ្លាស់ប្តូរខ្លួនឯងបែបណាខ្លះនៅក្នុងបទចម្រៀង រ៉េប ? 

គួររំលឹកផងដែរថា លោក វង្ស ថាណាន់ ខកខាននៅក្នុងការឡើងច្រៀងក្នុងការប្រគំតន្រ្តីធំៗមួយចំនួនអស់ពេលច្រើនខែមកហើយ បន្ទាប់ពីលោកគ្រោះថ្នាក់ចរាចរបាក់ភ្លៅ ត្រូវសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែពេលនេះស្ថានភាពសុខភាពរបស់លោកបានល្អប្រសើរឡើងវិញហើយ ហើយលោកអាចឡើងច្រៀងក្នុងកម្មវិធីធំៗបានដូចដើម ….៕