តារាសម្តែងកូនមួយដែលមានស្វាមីជាសែរាជវង្ស មានលុយកាក់ចាយវាយមិនខ្វះ ប៉ុន្តែ សិទ្ធី នីកា នៅតែប្រឹងតស៊ូសន្សំប្រាក់ពីការងារសិល្បៈ ជាពិសេសថ្មីៗនេះនាងបានចូលទៅហាត់រៀនដើរម៉ូដ ដើម្បីត្រៀមទទួលការងារធំៗជាច្រើន ។
សិទ្ធី នីកា គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន បើទោះបីជានាងរៀបការមានស្វាមីជាសែរាជវង្ស និងមានកូនម្នាក់រួចក្តី តែទស្សនិកជននៅតែស្រឡាញ់ និងគាំទ្រនាងដូចមុន ។
ស្វាមីសែរាជវង្សរូបនោះ មិនចង់ឱ្យ សិទ្ធី នីកា ធ្វើការងារសិល្បៈឡើយ ពីព្រោះខ្លាចភរិយារបស់ខ្លួនលំបាក ប៉ុន្តែដោយសារការស្រឡាញ់ពេញចិត្តក្នុងការងារសិល្បៈ សិទ្ធី នីកា បានសុំស្វាមីខ្លួនដើម្បីដើរលើវិថីនេះ ចំណែកស្វាមីនាងក៏មិនហ៊ានហាមឃាត់ភរិយាដែរ សំខាន់ឱ្យតែនាងចែករំលែកពេលវេលា សម្រាប់គ្រួសារឱ្យបានត្រឹមត្រូវ ។
ថ្វីដ្បិតតែ សិទ្ធី នីកា រវល់លើការងារសិល្បៈប៉ុន្តែនាងមិនដែលភ្លេចពីតួនាទីជាភរិយា និងជាម្តាយរបស់គេឡើយ នាងបានចំណាយពេលវេលាច្រើនជាមួយគ្រួសារ ពេលទំនេរទើបនាងទទួលការងារសម្តែង ឬ ថតផ្សាយពាណិជ្ជកម្ម ។
ថ្មីៗនេះផងដែរ សិទ្ធី នីកា បានទៅហាត់រៀនដើរម៉ូដជាមួយអ្នកជំនាញខាងដើរម៉ូដម្នាក់ ដែលធ្វើឱ្យទស្សនិកជនជាច្រើនឆ្ងល់ថា តើ សិទ្ធី នីកា ទៅហាត់រៀនដើរម៉ូដធ្វើអ្វី ? បើជីវភាពនាងសុខស្រួលទៅហើយនោះ ? ចំពោះរឿងនេះ តារាស្រីដ៏មានប្រជាប្រិយភាព សិទ្ធី នីកា បានប្រាប់ថា ការងារសិល្បៈគឺនាងស្រឡាញ់ទាំងអស់ មិនថាការសម្តែង ដើរម៉ូដ ឬ ពិធីករ ប៉ុន្តែសម្រាប់ការទៅហាត់រៀនដើរម៉ូដនេះ គឺនាងចង់វិឌ្ឍន៍ខ្លួនមួយជំហានទៀតទៅលើវិស័យដើរម៉ូដ ទើបនាងរៀនជំនាញនេះ កន្លងមកនាងក៏ធ្លាប់ដើរម៉ូដដែរ គ្រាន់តែមិនបានរៀនឱ្យច្បាស់លាស់ ។
ដោយឡែកប្រភពព័ត៌មានដែលស្និទ្ធជាមួយ សិទ្ធី នីកា វិញបានលួចខ្សឹបប្រាប់ថា សិទ្ធី នីកា ទៅហាត់រៀនដើរម៉ូដគឺដើម្បីទទួលការងារធំៗមួយចំនួន ពីព្រោះនាងមិនត្រឹមតែជាតារាល្បី និងស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានដុងច្រើនខាងផ្នែកសិល្បៈ ។ សិទ្ធី នីកា រំពឹងថា ការងារថ្មីរបស់នាងនឹងទទួលបានជោគជ័យ បន្ទាប់ពីនាងលះបង់ពេលវេលាដើម្បីរៀនដើរម៉ូដ ៕