សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នាព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស និងបានថ្លែងអំណរគុណជូនចំពោះប្រជាជន និងប្រទេសហ្វីលីពីន ដែលបានគាំទ្រកម្ពុជាក្នុងការបំពេញកាតព្វកិច្ចជាប្រធានអាស៊ាននៅឆ្នាំ ២០២២ និងចំពោះការចូលរួមរបស់កីឡាករហ្វីលីពីននៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កន្លងមក។
ឯកឧត្តមប្រធានាធិបតី បានឆ្លើយតបចំពោះការស្វាគមន៍នេះ និងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា។ ឯកឧត្តមប្រធានាធិបតី ក៏បានផ្តាំផ្ញើនូវការអរគុណផងដែរជូនចំពោះ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលកន្លងមកតែងនាំមកនូវគំនិតផ្តួចផ្តើម, ទិសដៅនយោបាយ, និងគោលការណ៍នយោបាយ សម្រាប់អនុវត្តន៍នៅក្នុងក្របខ័ណ្ឌអាស៊ាន នាពេលដែល សម្តេចតេជោ នៅជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងជំនួបនេះ, ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាទៅលើវិស័យជាច្រើន ដែលមានសក្តានុពលសម្រាប់ជាកម្មវត្ថុនៃការពង្រឹង និងពង្រីកសហប្រតិបត្តិការបន្ថែមរវាងកម្ពុជា និងហ្វីលីពីន, និង ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។ វិស័យដែលមានសក្តានុពលទាំងនោះ រួមមាន៖ ពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន, ទេសចរណ៍, ការអប់រំ និងបណ្តុះបណ្តាល, សន្តិសុខ, ការពារជាតិ, និងការតភ្ជាប់លើគ្រប់រូបភាពរវាងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញនូវទឹកចិត្តសោមនស្ស ចំពោះឱកាសផ្លាស់ប្តូរយោបល់ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគីនេះ ដែលជាយន្តការនៃកិច្ចសហប្រតិបត្តិការបន្ថែម លើយន្តការពហុភាគីនៃក្របខ័ណ្ឌអាស៊ាន ។ ជាកិច្ចបញ្ចប់, ថ្នាក់ដឹកនាំទាំងពីរ បានគោរពអញ្ជើញគ្នាទៅវិញទៅមក ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ក្នុងពេលសមស្របណាមួយ នាពេលអនាគត៕