ឯកឧត្ដមអភិសន្តិបណ្ឌិត ជំរុញលើកទឹកចិត្តអភិបាលខេត្តស្វាយរៀងថ្មី យកយុទ្ធសាស្ត្របញ្ចកោណធ្វើជាមូលដ្ឋានក្នុងការដឹកនាំអភិវឌ្ឍខេត្ត

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញលើកទឹកចិត្ត ឯកឧត្ដម ប៉េង ពោធិ៍សា ដែលទើបប្រកាសចូលកាន់តំណែងជាអភិបាលខេត្តថ្មីនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ និងថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះខេត្តទាំងអស់ យកចិត្តទុកដាក់សិក្សាឈ្វេងយល់ឱ្យបាន ស៊ីជម្រៅលើយុទ្ធសាស្ត្របញ្ចកោណនិងយកជាមូលដ្ឋានក្នុងការដឹកនាំខេត្ត។ 

ឯកឧត្ដមអភិសន្តិបណ្ឌិត បានលើកឡើងនូវចំណុចគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមមគ្គទេសក៍ដ៏ឧត្ដុងឧត្ដមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលក្នុងយុទ្ធសាស្ត្របញ្ចកោណនេះបានកំណត់នូវបាវចនា៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ទន្ទឹមនឹងគោលដៅយុទ្ធសាស្រ្ត៥ រួមមាន ការធានាឱ្យបានកំណើនសេដ្ឋកិច្ច, ការបង្កើតការងារឱ្យបានកាន់តែច្រើន, ការសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, ការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន និងចុងក្រោយគឺការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ជាមួយនឹងបាវចនា និងគោលដៅយុទ្ធសាស្រ្តខាងលើ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចកំណត់យកអាទិភាពគន្លឹះចំនួន៥ សម្រាប់យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ 

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្វារៀង នាឱកាសនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បាលសង្កត់ធ្ងន់នូវកិច្ចការសំខាន់ៗមួយចំនួនដែលរដ្ឋបាលខេត្ត គប្បីយកចិត្តទុកដាក់បន្តអនុវត្ត ជាអាទិ៍ ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ, ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន, ការផ្តល់សេវាសាធារណៈ ដោយយកចិត្តទុកដាក់តាមដាន ទទួល ដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ។ ស្របគ្នានេះ បន្តពង្រឹងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសការងារផ្ទេរមុខងារពីថ្នាក់ជាតិ ដែលត្រូវក្ដាប់ឱ្យជាប់។ ដូចគ្នាដែរ ដើម្បីប្រសិទ្ធភាពការងារ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ជំរុញលើកទឹកចិត្តដល់គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ នៃរដ្ឋបាលខេត្ត បន្តពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាពឯកភាពផ្ទៃក្នុង និងត្រូវព្យាយាមបង្កើតកម្មវិធីបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយភ្ជាប់នឹងជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បីប្រសិទ្ធភាពការងារ។

ក្នុងឱកាសនៃពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តស្វាយរៀងថ្មីនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តស្វាយរៀង ដែលមាន ឯកឧត្ដម ម៉ែន វិបុល អតីតអភិបាលខេត្តចូលនិវត្តន៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង ដែលបានសហការគ្នាយ៉ាងល្អក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងក្របខ័ណ្ឌខេត្តទាំងមូល បានយ៉ាងល្អប្រសើរ ព្រមទាំងសម្រេចបានសមិទ្ធផលនានាជាច្រើន៕